(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ជុំវិញដំណើរទស្សកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៦-០៩ ខែសីហា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ដោយក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងចូលគាល់ព្រះអង្គម្ចាស់ ណារ៉ូហ៉ីតូ រាជទាយាទនៃប្រទេសជប៉ុនផងដែរ។
ក្រៅពីចូលគាល់រាជទាយាននៃប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន ក៏ត្រូវចូលរួមកិច្ចប្រជុំកំពូលជាមួយ លោក ស៉ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន។ លើសពីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ នឹងធ្វើការប្រកាសព័ត៌មានរួមគ្នា ក្រោយអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួន២ ស្តីពីជំនួយជប៉ុនផ្តល់មកកម្ពុជា ជិត២៥០លានដុល្លារនោះ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន ក៏នឹងទទួលការចូលជួបសម្តែងការគួរសម ដោយឡែកពីគ្នា ដោយតំណាងសមាគមមត្តិភាព សភាកម្ពុជា-ជប៉ុន សមាគមមិត្តភាពសភាជប៉ុន-មេគង្គ អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់់ជប៉ុន ព្រមទាំងក្រុមហ៊ុនរបស់ជប៉ុនចំនួន៤ផងដែរ។
សូមជម្រាបថា ឥស្សរជនដែលនឹងអញ្ជើញអម សម្តេចតជោនាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចនោះរួមមាន៖
១៖ លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
៣៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសមាជិកនៃរាជរដ្ឋាភិបាលមួយចំនួនទៀត៕