(កំពង់ចាម)៖ ថ្លែងក្នុងចុះសួរសុខទុក្ខ សិស្សនាយនគរបាល និងសិស្សនាយនគរបាល «វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» លើកទី៣ នៅសាលានគរបាលភូមិភាគ២ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានលើកឡើងថា សិស្សនាយនគរបាល នាយនគរបាលរងទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយស័្វយប្រវត្តិសិក្សា និងទ្រីស្តី និងការអនុវត្តជាក់ស្តែង។
លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា សិស្សនគរបាល ត្រូវមានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាត ចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ពិសេសត្រូវគោរពឲ្យបានដាច់ខាត នូវរាល់បទបញ្ញត្តិដែលបានចែង ក្នុងបទបញ្ជាផ្ទៃក្នុង ហើយត្រូវប្រកាន់ខ្ជាប់នូវទស្សនៈរៀនឲ្យចេះ មិនមែនរៀនឲ្យចប់ គុណភាពមិនអាចសម្របសម្រួលបានឡើយ។
លោក ឯក មនោសែន បានសង្កត់ធ្ងន់ថា «បណ្ឌិត្យសភាប្រកាន់ភ្ជាប់នូវ គោលការណ៍មិនលម្អៀង ពោលគឺយើងមិនមានការយោគយល់ ឬមានការលើកលែង ឬអនុគ្រោះអ្វីទាំងអស់ ចំពោះសិក្ខាកាមដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌនានា ក្នុងការទទួលបានវិញ្ញាបនបត្រ។ គ្មានករណីអ្នកមិនដែលមករៀន តែបែរជាទទួលបានពិន្ទុខ្ពស់ ចំណាត់ថ្នាក់ល្អ និងបានទទួលវិញ្ញាបនបត្រនោះទេ។ អ្នកដែលមិនគោរពវិន័យ ឬមិនខិតខំសិក្សារៀនសូត្រ អាចត្រូវលុបឈ្មោះចេញពីវគ្គ ឬប្រឡងធ្លាប់និទ្ទេសខ្សោយ»។
លោកឧត្តមសេនីយ៍ បានសង្ឃឹមថា សិស្សនគរបាលដែលបានបញ្ចប់ការសិក្សា ត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវ លើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់នាំផ្ដល់ជំនឿទុកចិត្ត មកលើខ្លួន៕