(ភ្នំពេញ)៖ ឯកសារផ្តល់ជំនួយចំនួន២ ដែលមានទឹកប្រាក់ជិត២៥០លានដុល្លារអាមេរិក នឹងចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ជុំវិញដំណើរទស្សកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៦-០៩ ខែសីហា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ទៀតថា ឥស្សរជនដែលនឹងអញ្ជើញអម សម្តេចតជោនាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចនោះរួមមាន៖
១៖ លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
៣៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសមាជិកនៃរាជរដ្ឋាភិបាលមួយចំនួនទៀត។
ក្រសួងការបរទេស បានបញ្ជាក់ឲ្យដឹងទៀតថា នៅកំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលគាស់ព្រះអង្គម្ចាស់ រាជទាយាទ ណារ៉ូហ៉ីតូ។ សម្តេចតេជោ ហ៊ុន សែន ក៏ នឹងមានកិច្ចប្រជុំកំពូលជាមួយ លោក ស៉ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន។ លើសពីនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ នឹងធ្វើការប្រកាសព័ត៌មានរួមគ្នា ក្រោយអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួន២ ស្តីពីជំនួយជប៉ុនផ្តល់មកកម្ពុជា។
ឯកសារផ្តល់ជំនួយចំនួន២នោះរួមមាន៖
១៖ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញ ការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ តំណាក់កាលទី៤ ដែលមានទឹកប្រាក់៣៩៤៨លានយ៉េន ស្មើនឹងប្រមាណ៣៥លានដុល្លារ
២៖ ឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទឹកប្រាក់ ២៣៥០២លានយ៉េន ស្មើនឹង២០៨លានដុល្លារ។
បើតាមក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន ក៏នឹងទទួលការចូលជួបសម្តែងការគួរសម ដោយឡែកពីគ្នា ដោយតំណាងសមាគមមត្តិភាពសភាកម្ពុជា-ជប៉ុន សមាគមមិត្តភាពសភាជប៉ុន-មេគង្គ អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់់ជប៉ុន ព្រមទាំងក្រុមហ៊ុនរបស់ជប៉ុនចំនួន៤ផងដែរ៕