(ភ្នំពេញ)៖ នៅក្នុងប្រទេសកម្ពុជា ជាងពីរទសវត្សរ៍មកហើយដែលណបក្សប្រឆាំងចាញ់ឆ្នោតរហូតមិនដែលឈ្នះម្តងណាឡើយ។ បើទោះជាគណបក្សនេះ បានកើនសំឡេងគាំទ្រមួយចំនួន ក៏ប៉ុន្តែ វាគ្រាន់តែជានិន្នាការធម្មតាមួយប៉ុណ្ណោះក្នុងសង្គមប្រជាធិបតេយ្យដែលមនុស្សតែងមានការគិតគូរខុសៗគ្នា។ គំនិត ឬទស្សនៈខុសគ្នានេះ ហើយដែលជាជីធ្វើឲ្យសួនប្រជាធិបតេយ្យរីកស្គុះស្គាយបាន។
មូលហេតុសត្យានុម័តដែលធ្វើឲ្យបក្សប្រឆាំងចាញ់ឆ្នោតរហូតពីមួយអាណត្តិទៅមួយអាណត្តិគឺ ដោយសារតែគណបក្សនេះគ្មានគុណសម្បត្តិដើម្បីក្លាយជាអ្នកដឹកនាំ។ ជាក់ស្តែង ប្រសិនបើយើងពិនិត្យមើលគណបក្សសង្គ្រោះជាតិសព្វថ្ងៃ យើងពិបាកនឹងរកគុណសម្បត្តិរបស់គណបក្សនេះមកនិយាយណាស់។ ទាំងបុគ្គលមេដឹកនាំបក្ស ទាំងមន្ត្រីជាន់ខ្ពស់បក្ស និងទាំងគោលនយោបាយបក្ស សុទ្ធតែជាប៉ោងៗអណ្តែតតាមខ្យល់រង់ចាំតែពេលផ្ទុះធ្លាក់ តែប៉ុណ្ណោះ ។
បើវិភាគលើលក្ខណៈបុគ្គល ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា គឺជាមនុស្សខ្វះគុណសម្បត្តិ និងដែលបង្កើតបក្សនយោបាយដោយសារតែគំនុំបុគ្គលតែប៉ុណ្ណោះ។ លោក សម រង្ស៊ី បង្កើតគណបក្សជាតិខ្មែរកាលពីឆ្នាំ ១៩៩៥ ដោយសារតែត្រូវគេបណ្តេញចេញពីតំណែងរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់គណបក្សហ៊្វុនស៊ិនប៉ិច។ ចំណែកឯលោក កឹម សុខា ក៏ជាមនុស្សខ្ចាត់ព្រាត់ដែលត្រូវបានគណបក្សលោក តា សឺន សាន ដកសេចក្តីទុកចិត្ត ហើយក្រោយមកក្លាយជាមនុស្សតែលតោលគ្មានគោលដៅក៏ងាកទៅបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដើម្បីធ្វើជាឈ្នាន់ឈានទៅបង្កើតបក្សនយោបាយដោយខ្លួនឯង។ ការចាប់កំណើតនៃគណបក្សជាតិខ្មែររបស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា គឺកើតចេញពីគុំនុំផ្ទាល់ខ្លួនសុទ្ធសាធ។ អ៊ីចឹងហើយបានជា ពួកគេចេះត្រឹមតែបង្អាប់ផលិតផលគេ ជាន់ឈ្លីសមិទ្ធផលរបស់គេ ក្តិចត្រួយគេ ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន។
ដូច្នេះហើយបានជា មធ្យោបាយសំខាន់បំផុតដើម្បីកសាងប្រជាប្រិយភាពរបស់បុគ្គលនយោបាយប្រឆាំងទាំងពីរគឺ ការវាយប្រហារទៅលើគណបក្សកាន់អំណាចជាពិសេសទៅលើបុគ្គលលោក ហ៊ុន សែន ដែលជាបុរសខ្លាំងនៅកម្ពុជា។ រយៈពេលពីរទសវត្សរ៍នៃដំណើរនយោបាយរបស់ខ្លួន ពួកគេគិតតែពីវាយប្រហារទៅលើបុគ្គល បង្កបញ្ហាច្របូកច្របល់ក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យមហាជនអស់ជំនឿទៅលើរដ្ឋាភិបាលគណបក្សកាន់អំណាច។ នយោបាយវាយប្រហារ ញុះញង់បង្កអសន្តិសុខ ធ្វើឲ្យប្រជាជនមានគំនុំលើមេដឹកនាំរដ្ឋាភិបាលបានបង្កើតឲ្យមានការបែកបាក់ជាតិយ៉ាងធ្ងន់ធ្ងរ។ ការជេរប្រមាថ មួលបង្កាច់ បង្ខូចកេរឈ្មោះ កាត់តរូបភាព លាបពណ៌ ប្រឌិតរឿងជាពិសេស សាបព្រួសពាក្យចចារអារាម បានក្លាយជាវប្បធម៌របស់ក្រុមប្រឆាំង។
ក្រៅពីនោះមធ្យោបាយពេញនិយមផ្សេងទៀតដែលបក្សប្រឆាំងតែងប្រើគឺការធ្វើអាជីវកម្មលើខ្មោចនិងលើអ្នកមានទោសដើម្បីកេងចំណេញនយោបាយ។ ឲ្យតែមានអ្នកល្បីឈ្មោះស្លាប់ ឬជាប់គុកម្តងៗ ទោះជាដោយមូលហេតុណាមួយក៏ដោយ ក៏ជាចំណីដ៏ឆ្ងាញ់របស់ក្រុមប្រឆាំង។ ពួកគេយកសាកសព និងយកករណីព្រហ្មទណ្ឌនានាទៅកាឡៃឲ្យទៅជារឿងនយោបាយដើម្បីកេងចំណេញតាមដែលអាចធ្វើទៅបាន។ មកដល់ចំណុចនេះ គេក៏មិនត្រូវភ្លេចដែរអំពីយុទ្ធសាស្ត្រ «ស្វាស៊ីបាយរួច លាបមាត់ពពែ»។ ករណីសមាជិកព្រឹទ្ធសភា ហុង សុខហួរ និងតំណាងរាស្ត្រ អ៊ំ សំអាន ដែលហ៊ានរហូតដល់កាឡៃសន្ធិសញ្ញា និងផែនទីព្រំដែនកម្ពុជាវៀតណាមក៏ទំនងជាស្ថិតក្នុងសេណារីយោទុច្ចរិតរបស់លោក សម រង្ស៊ី ដើម្បីរុញឲ្យមន្ត្រីរបស់ខ្លួនទាំងពីរប្រព្រឹត្តខុសដើម្បីកេងចំណេញនយោបាយដែរ។
ជាង ២០ឆ្នាំនៃជីវិតនយោបាយរបស់ខ្លួនក្នុងនាមបក្សប្រឆាំង គេលឺតែលោក សម រង្ស៊ី និងលោក កឹម សុខា ដើរឃោសនាសំអុយរដ្ឋាភិបាល សំអុយកេរឈ្មោះជាតិខ្លួនឯងទាំងក្នុង និងក្រៅប្រទេស។ ជាង ២០ឆ្នាំកន្លងទៅ បក្សប្រឆាំងគ្មានធនធានមនុស្ស គ្មានគោលនយោបាយយុទ្ធសាស្ត្រច្បាស់លាស់ឡើយពីព្រោះពួកគេសប្បាយតែនឹងដើរបរិហាររដ្ឋាភិបាលដើម្បីទាញយកប្រជាប្រិយភាពដោយមិនបានគិតគូរអំពីយុទ្ធសាស្ត្រ ឬអំពីការកសាងធនធានមនុស្សឡើយ។ ចុងក្រោយនេះ បក្សប្រឆាំងទើបតែភ្ញាក់ខ្លួនថាអ្វីដែលខ្លួនបានធ្វើកន្លងទៅគឺខុសទាំងស្រុង។ អ៊ីចឹងហើយបានជាពួកគេបែរមករៀបចំយុទ្ធសាស្ត្រ ឬបែរមកនិយាយថា មិនយកខ្មែរណាធ្វេីជាសត្រូវ ហើយចង់ប្រកួតប្រជែងតែលើគោលនយោបាយដោយមិនចាត់ទុកបញ្ហាបុគ្គលជាធំ។ តាមពិត ពាក្យសម្តីទាំងអស់នេះគេបានលឺគណបក្សកាន់អំណាចនិយាយតាំងពីយូរណាស់មកហើយ។ លោក ហ៊ុន សែន ធ្លាប់បានអំពាវនាវជាញឹកញាប់ឲ្យបក្សនយោបាយយកតម្រាប់តាមក្រុមហ៊ុនឯកជនដែលគេឃោសនាតែអំពីផលិតផលរបស់គេ តែមិនប៉ះពាល់ដល់អ្នកដទៃ។ ឥឡូវបក្សប្រឆាំងបានត្រឹមធ្វើតាមបក្សកាន់អំណាច ហើយការធ្វើបែបនេះទៀតសោតក៏មិនមែនផុសចេញពីទឹកចិត្តពិតដែរ ប៉ុន្តែ គឺវាគ្រាន់តែដើម្បីកុំឲ្យមហាជននិយាយរឿងអាស្រូវបុគ្គលផ្ទាល់ខ្លួនដែលបានបែកធ្លាយយ៉ាងស្អុយអសោចតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក៏ដោយ បើស្តាប់ពាក្យឃោសនារបស់លោក កឹម សុខា និង លោក សម រង្ស៊ី ជារៀងរាល់ថ្ងៃ គេនៅតែមើលឃើញថា មេដឹកនាំបក្សប្រឆាំងនៅតែគ្មានអ្វីថ្មីមកឃោសនាឡើយក្រៅតែពីនិយាយដៀមដាម ស៊កសៀត ដាក់បក្សកាន់អំណាច។ និយាយពីគោលនយោបាយវិញក៏គ្មានអ្វីប្លែកក្រៅពីការសន្យាខ្យល់និងប្រជាភិថុតដោយមិនបានគិតពីលទ្ធភាពដែលធ្វើបាននោះដែរ។ និយាយដោយខ្លី គណបក្សប្រឆាំងសព្វថ្ងៃប្រៀបដូចស្គរដែលលឺតែសំឡេងខ្លាំងៗ តែខាងក្នុងប្រហោងធ្លុងគ្មានអ្វីទាំងអស់។ ពួកគេតែងចំអកឲ្យរដ្ឋាភិបាលបក្សកាន់អំណាចថា គួរយកពេលវេលាគិតគូរដោះស្រាយបញ្ហាជូនពលរដ្ឋជាជាងធ្វើច្បាប់ដើម្បីដាក់គំនាបលើបក្សប្រឆាំង។ ប៉ុន្តែ ពេលប្រជាពលរដ្ឋជួបការលំបាកដូចជាទឹកជំនន់ ឬគ្រោះមហន្តរាយផ្សេងៗ គេមិនដែលឃើញវត្តមានរបស់បក្សប្រឆាំងចុះជួយឡើយដោយពួកគេអះអាងថា នោះជាភារកិច្ចរបស់រដ្ឋាភិបាល។ ពួកគេមិនដែលបានកសាងសមិទ្ធផលអ្វីបន្តិចបន្តួចដើម្បីផលប្រយោជន៍ប្រជាជនដោយទម្លាក់ទំនួលខុសត្រូវតែលើបក្សកាន់អំណាច។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរពិតជាស្គាល់បក្សនយោបាយណាដែលជាអ្នកធ្វើការ និងអ្នកណាជាអ្នកចាំតែថា។
ដូច្នេះ តើអ្វីទៅជាគុណសម្បត្តិរបស់បក្សប្រឆាំង? គ្មានអ្នកណារកឃើញទេព្រោះពួកគេមិនបានធ្វើ និងមិនបានសាងគុណសម្បត្តិអ្វីឡើយក្រៅតែពីចាំស៊ីឡាក និងចាំកេងចំណេញពីខ្មោច ពីអ្នកជាប់ទោសព្រហ្មទណ្ឌ និងពីនយោបាយគោះទឹកបង្អើលត្រីតែប៉ុណ្ណោះ។ចេះត្រឹមតែប៉ុណ្ណឹងមិនអាចបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីក្លាយជាបក្សដឹកនាំប្រទេសបានឡើយ។ នេះជាហេតុផលដែលគណបក្សប្រឆាំងមិនដែលឈ្នះឆ្នោត ហើយគណបក្សនេះនឹងនៅតែចាញ់រហូតដរាបណាខ្លួនមិនបានសាងគុណសម្បត្តិគ្រប់គ្រាន់ដើម្បីជាទីកក់ក្តៅរបស់ប្រជាជន។ ជាង ២០ ឆ្នាំជាពេលវេលាហួសពីគ្រប់គ្រាន់ដើម្បីសាងគុណសម្បត្តិប្រសិនបើមេដឹកនាំបក្សប្រឆាំងមានមាយាទ។ ប៉ុន្តែ គួរឲ្យសោកស្តាយ ម៉ោងនេះទៅហើយ បក្សប្រឆាំងនៅតែមិនអាចសាងគុណសម្បត្តិអ្វីទាំងអស់ក្រៅពីបន្តនយោបាយស៊ីឡាក នយោបាយបរិហារបក្សកាន់អំណាច នយោបាយសន្យាខ្យល់ និងនយោបាយធ្វើអាជីវកម្មលើខ្មោច លើអ្នកមានទោស ដូចដែលពួកគេបានប្រើជាង ២០ ឆ្នាំកន្លងទៅដោយគ្មានអ្វីប្រែប្រួលទាល់តែសោះ។ ដូច្នេះ ឆ្នាំ ២០១៨ បក្សប្រឆាំងនៅតែមានវាសនាមិនខុសពីការបោះឆ្នោតលើកមុនៗឡើយ៕
ដោយ សូរ គងជ័យ