(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីស្បៀងអាហារបង់ក្លាដេស បានបើកកិច្ចប្រជុំទ្វេភាគី និងចុះកិច្ចព្រមព្រៀង លើការទិញអង្ករ១លានតោន សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២ សំដៅធ្វើពិពិធកម្មទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាពិសេស ធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា។
ពិធីចុះកិច្ចព្រមព្រៀងនេះ បានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
អនុស្សរណៈនេះ មានវិសាលភាពគ្របដណ្តប់រាល់ប្រតិបត្តិការទិញ/លក់អង្ករទាំងអស់រវាងកម្ពុជា និងបង់ក្លាដេស ហើយនឹងត្រូវអនុវត្តន៍ដោយក្រុមហ៊ុនហ្រ្គីនត្រេដ (GTC) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឲ្យក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងអគ្គនាយកដ្ឋានស្បៀងអាហារ (DGF) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឲ្យក្រសួងស្បៀងអាហារបង់ក្លាដេស។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូបង់ក្លាដេស និងបានចាត់ទុកព្រឹត្ដិការណ៍ថ្ងៃនេះ ថាជាការបើកទំព័រថ្មីមួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ ក្នុងការចូលរួមជំរុញ និងលើកកម្ពស់សន្ដិសុខ ស្ថិរភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅក្នុងតំបន់។
រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានរំពឹងទុកថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងអាចនាំចេញអង្ករក្រអូប និងអង្ករចំហុយចំនួន២៥ម៉ឺនតោន ទៅកាន់ប្រទេសបង់ក្លាដេស នៅក្នុងខែតុលាខាងមុខនេះ។
ទន្ទឹមគ្នានេះ លោក អេជរូខេត ក្វាមរ៉ុល អ៊ីស្លាម (Advocate Md. Qamrul Islam MP) បានកោតសសើរចំពោះគុណភាពអង្ករកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រអន្ដរជាតិជាច្រើនដូចជា ISO, HACCP, និង GMP ព្រមទាំងអាចនាំចូលទៅកាន់ទីផ្សារសហភាពអ៊ឺរ៉ុប, សហរដ្ឋអាមេរិក និងចិន ដោយជោគជ័យ។
លោកបានបន្ថែមទៀតថា តម្លៃធាតុផ្យំផ្សេងៗ ដូចជាពានរង្វាន់លេខ១ លើពិភពលោក ចំពោះអង្កក្រអូបកម្ពុជា មានន័យថាគុណភាព និងអត្តសញ្ញាណ ផលិតផល មានភាពប្រាកដអាចទុកចិត្តបាន។
លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានថ្លែងនូវការសាទរចំពោះកិច្ចព្រមព្រៀងទិញអង្ករថ្មីមួយនេះ។ លោកថា បង់ក្លាដេសជាប្រទេសនាំចូលអង្ករ ដូចប្រទេសហ្វីលីពីន និងម៉ាឡេស៉ីដែរ ហើយអង្ករដែលប្រទេសបង់ក្លាដេស នាំចូលគឺជាប្រទេសអង្ករចំហុយ ដែលប្រទេសកម្ពុជាចាប់ផ្តើមផលិត តាំងពីឆ្នាំ២០១៣មកម្ល៉េះ។
អគ្គនាយករូបនេះ បានលើកឡើងថា តម្រូវការនាំចូលអង្កររបស់ប្រទេសបង់ក្លាដេស មានប្រហែលពី៥០ម៉ឺនតោនទៅ១លានតោនក្នុងមួយឆ្នាំ ហើយសម្រាប់ឆ្នាំ២០១៧នេះ ដោយសារប្រទេសនេះ ជួបគ្រោះទឹកជំនន់ ត្រូវការនាំចូលអង្ករចំនួន១.២លានតោន។
លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់ទៀតថា នៅពេលមិនទាន់មានកិច្ចព្រមព្រៀងជាមួយកម្ពុជា ប្រទេសបង់ក្លាដេសនាំចូលអង្ករពីប្រទេសវៀតណាម ថៃ និងឥណ្ឌា។
ក្រៅតែពីការសាទរចំពោះទីផ្សារថ្មីនេះ លោកឧកញ៉ា សុង សារ៉ន បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការអភិវឌ្ឍន៍កំពង់ផែនៅកម្ពុជា ដើម្បីឆ្លើយតបនូវការដឹកជញ្ជូនឲ្យរហ័ស និងលឿន ដោយបង្កើនការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅឲ្យបានឆាប់ ដើម្បីឲ្យកប៉ាល់ងាយស្រួយ ចូលមកដឹកជញ្ជូនទំនិញ ទើបអាចឲ្យកម្ពុជាប្រកួតប្រជែង ជាមួយប្រទេសជិតខាងបាន។
គួររំលឹកដែរថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្ដរជាតិ ក្នុងឆ្នាំ២០១៦ មានចំនួន ៥៤២,១៤៤តោន ពោលគឺបានកើនឡើង ០,៧០% បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួនត្រឹមតែ ៥៣៨,៣៩៦ តោន។ សម្រាប់ឆមាសដំបូង នៃឆ្នាំ២០១៧នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣០,៩២៥តោន នេះបើតាមទិន្នន័យផ្ដល់ដោយនាយកដ្ឋានផែនការ ស្ថិតិនិងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម៕