(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ មកពីគណបក្សប្រជាជនកម្ពុជា លើកឡើងថា ប្រទេសដែលមាននីតិរដ្ឋ ពិតប្រាកដ លុះត្រាតែមាន រាជរដ្ឋាភិបាលរឹងមាំ ជំរុញឲ្យប្រជាពលរដ្ឋចាកចេញពីភាពក្រីក្រ រុញប្រទេសឲ្យរក្សាបាននូវអត្តសញ្ញាណជាតិ និងរុញប្រទេសឲ្យមានអធិបតេយ្យជាតិពិតប្រាកដ មិនចំណុះបរទេសណាមួយ។
លោក សួស យ៉ារ៉ា ថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន និស្សិតទាហានសកម្មជំនាន់១៨ ជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ឯក ចន្ទ័ សុភក្ត្រា នាយកសាលាហ្វឹកហ្វឺននាយទាហានសកម្ម ព្រមទាំងលោកមេបញ្ជការ តាមបណ្តាកងឯកភាព នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ។
លោក សួស យ៉ារ៉ា បានថ្លែងថា «ប្រទេសមានឯករាជ្យតែមួយមុខ មិនគ្រប់គ្រាន់ទេ ប្រទេសដែលមានឯករាជ្យ លុះត្រាតែមានអធិបតេយ្យភាព ហើយអធិបតេយ្យភាពនេះ គឺពឹងលើកងទ័ពជាតិយើងទាំងមូល ដែលជាកងយោធពលខេមរភូមិន្ទ ហើយខ្ញុំសូមអរគុណចំពោះវត្តមានប្អូនៗ ដែលបានមកកាន់ខេត្តព្រះវិហារ ចំពេលសភាពការណ៍ យើងមាន២វគ្គខុសៗគ្នា គឺវគ្កទី១រវាងកម្ពុជា-ថៃ រឿងប្រាសាទព្រះវិហារ ហើយឈុតទី២ កម្ពុជា-ឡាវ លើការតស៊ូមតិផ្នែកច្បាប់។ ពេលនេះយើងពាក់ខោអាវទាហាន គឺយើងបានលះបង់ហើយ តើលះបង់ដើម្បីអ្នកណា គឺលះបង់ដើម្បីជាតិ សាសនា និងប្រជាជនរបស់យើងអញ្ចឹង បើយើងមិនស្គាល់ជាតិ និងប្រជាជន យើងមិនអាចលះបង់បានទេអញ្ចឹងដើម្បីជាតិ និងប្រជាជនរបស់យើង តំណាងដោយអ្នកណា គឺតំណាងដោយរាជរដ្ឋាភិបាលស្របច្បាប់»។
លោក សួស យ៉ារ៉ា បានបន្តថា ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាយើង បានដូររបបគ្រប់គ្រងចំនួន៦ មកហើយដូច្នេះប្អូនៗ ត្រូវយល់ប្រវត្តិសាស្ត្រឲ្យបានច្បាស់ ពីពាក្យថាដូរព្រោះតែពាក្យមួយម៉ាត់នេះហើយ បានរុញច្រានឲ្យប្រទេសកម្ពុជា ទទួលការឈឺចាប់ជាង៤សទវត្ស៍។ ទី១៖ ដូរបបរាជានិយម មករបបសាធារណរដ្ឋគ្រប់គ្រង ដោយអាមេរិកកាំង ចុងក្រោយទាហានខ្មែរ ទាហានរាជានិយម ទាហាន លន់ ណុល ខ្មែរទាំងអស់បាញ់គ្នាម៉ាឆ្អែត តាមរយៈរដ្ឋប្រហារឆ្នាំ១៩៧០ អាមេរិកកាំង នៅពីក្រោយគ្រាប់បែករាប់លានតោន ទំលាក់ពេញផ្ទៃប្រទេស ពិសេសខេត្តកំពង់ធំ និងព្រះវិហារ និងទី២៖ ដូរពីរបបសាធារណរដ្ឋ មករបបកម្ពុជាប្រជាធិបតេយ្យ (របប ប៉ុល ពត) សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជិត៣លាននាក់។
លោក សួស យ៉ារ៉ា បានបញ្ជាក់ថា ណែនាំនូវយុទ្ធវិធីកងទ័ពដល់សិស្សនាយទាហានសកម្ម នូវបទពិសោធន៍ច្រើនទៀតសម្រាប់យកទៅអនុវត្ត ជាក់ស្តែងហើយលោកសូម កោតសរសើរ ដល់និស្សិតនាយទហានសកម្មជំនាន់ទី១៨នេះ ដែលសុទ្ធតែជាសិស្សឆ្មើម ដែលបានប្រឡងជាប់ ក្រោមការត្រួតពិនិត្យដ៏ត្រឹមត្រូវពីលោ ហ៊ុន ម៉ាណែត ក្នុងឱកាសនោះ លោកបានជូនថវិកាក្នុងម្នាក់១០ម៉ឺនរៀល ដែលបានមកពីការឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍កិតិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ មាស សុភា ដោយឡែកអភិបាលខេត្តព្រះវិហារ បានទទួលជប់លៀងបាយសាមគ្គីមួយពេលផងដែរ៕