(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ជុំវិញដំណើរទស្សកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេស​ជប៉ុន ចាប់ពីថ្ងៃទី០៦-០៩ ខែសីហា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។

សេចក្តីប្រកាសរបស់ ក្រសួងការបរទេស បានបញ្ជាក់ទៀតថា ឥស្សរជនដែលនឹងអញ្ជើញអម សម្តេចតជោនាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចនោះរួមមាន៖

១៖ លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
៣៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសមាជិកនៃរាជរដ្ឋាភិបាលមួយចំនួនទៀត។

នៅកំឡុងស្នាក់នៅប្រទេសជប៉ុន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលគាស់ព្រះអង្គម្ចាស់ រាជទាយាទ ណារ៉ូហ៉ីតូ។ សម្តេចតេជោ នឹងមានកិច្ចប្រជុំកំពូលជាមួយ លោក ស៉ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន និងធ្វើការប្រកាសព័ត៌មានរួមគ្នា ក្រោយនាយករដ្ឋមន្ត្រីទាំង២ អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ ស្តីពីជំនួយជប៉ុនផ្តល់មកកម្ពុជា ដូចខាងក្រោម៖

១៖ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញ ការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ តំណាក់កាលទី៤ ដែលមានទឹកប្រាក់៣៩៤៨លានយ៉េន ស្មើនឹងប្រមាណ៣៥លានដុល្លារ
២៖ ឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទឹកប្រាក់ ២៣៥០២លានយ៉េន ស្មើនឹង២០៨លានដុល្លារ៕