(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំអំពីបញ្ហាសណ្តាប់ធ្នាប់ សន្តិសុខ និងចរាចរណ៍ដែលមានការចូលរួមពីខណ្ឌទាំង១២ រដ្ឋបាលរាជធានី និងប្រធានសមាគមកង់បី មកជួបពិភាក្សាការងារ និងណែនាំអំពីការរៀបចំឲ្យមានសណ្តាប់ធ្នាប់ ដល់សមាគមក្រុមម៉ូតូកង់បី នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ។

នៅក្នុងកិច្ចប្រជុំពិភាក្សាការងារនេះ សាលារាជធានីភ្នំពេញ មានបំណងណែនាំទៅក្រុមអ្នកប្រកបរប ជាអ្នករត់ម៉ូតូកង់បី គប្បីគោរពច្បាប់ចរាចរណ៍ សន្តិសុខ សណ្តាប់សាធារណៈ ឲ្យបានម៉ឺងម៉ាត់ ជាងនេះទៅទៀតសម្រាប់សមាគមម៉ូតូកងបី នៅរាជធានីភ្នំពេញ ឲ្យយល់ដឹងពីច្បាប់ទម្លាប់ និងត្រូវធ្វើយ៉ាងណារៀបចំឲ្យមានរបៀបរាបរយ ក្នុងការរត់ លើផ្លូវសាធារណៈ ជាពិសេសការឈប់ចត រង់ចាំហៅភ្ញៀវរបស់ក្រុមម៉ូតូកង់បី នៅតាមទីសាធារណៈ ដែលបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ ។

ក្នុងកិច្ចប្រជុំនេះលោកអភិបាលរង បានណែនាំទៅដល់ប្រធានសមាគមទាំងពីរ ដែលជាអ្នកតំណាងឲ្យអ្នករត់ម៉ូតូកង់បី ធ្វើយ៉ាងណាបន្តការណែនាំនេះ ទៅឲ្យអ្នកដែលប្រកបរប ជាអ្នករត់ម៉ូតូកងបី ទាំងក្នុងនិងក្រៅសមាគមយល់ដឹងពីការបើកបរ ការឈប់ជាដើម ដោយកន្លងមកឃើញថា មានការឈប់ជាក្រុមតម្រៀបគ្នា លើផ្លូវតែម្តង ធ្វើបង្កឲ្យមានការកកស្ទះ និងការបើកបរជែង ចង់រុលទៅមុខឲ្យបានមុន មិនថា ស្ថិតក្នុងស្ថានភាពផ្លូវបែបណានោះ ដែលទាំងនេះជាហេតុ បង្កឲ្យមានការកកស្ទះចរាចរណ៍ ជាពិសេសគឺអសណ្តាប់ធ្នាប់ ដែលសាលារាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ កែសម្រួល និងដោះស្រាយ ធ្វើយ៉ាងណាដើម្បីទទួលបានអភិបាលកិច្ចល្អ ក្នុងរាជធានីភ្នំពេញ។

លោក មាន ចាន់យ៉ាដា ក៏បានលើកឡើងពីបញ្ហាអនាធិបតេយ្យ របស់អ្នករត់រម៉កម៉ូតូកង់បីថា «អ្នកខ្លះមានការញ៉ាំស្រា លេងល្បែង បើកបរអនាធិបតេយ្យ បើជែង វ៉ា ការតុបតែងភ្លើង ស្តុបពី ក្រោយ អ្នកខ្លះ មានបន្ថែមទៅដល់អំភ្លីចាក់ភ្លេង គឺខុសលក្ខណៈបច្ចេកទេសច្រើន ចឹងសូមឲ្យកែតម្រូវ ទៅលើបញ្ហារៀបចំតុៗ (រម៉ក់ម៉ូតូកង់បី) នេះ»

លោកអភិបាលរង ក៏បញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំនេះ ក៏បានបញ្ជាក់អំពីការប្រើប្រាស់ អាយឌី ដោយមិនអនុញ្ញាត ឲ្យអ្នករត់រម៉កម៉ូតូកង់បី មានការប្រើប្រាស់ អាយឌីឡើយ លុះត្រាណា មានការអនុញ្ញាត និងស្មើសុំពីក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិអាចប្រើប្រាស់បាន៕