(កោះកុង)៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិដល់មន្ត្រីនគរបាល ចំនួន៣៣នាក់ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ សំ ឃិតវៀន ស្នងកានគរបាលខេត្តកោះកុង ព្រមទាំងមានការចូលរួមមន្រ្តីនគរបាលជាច្រើនរូបផងដែរ។
ការប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្កិចំនួន៣៣នាក់ ក្នុងនោះមានស្រីម្នាក់ ថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន៥នាក់ ថ្នាក់វរសេនីយ៍ឯកចំនួន៧នាក់ ថ្នាក់វរសេនីយ៍ទោ៥នាក់ ថ្នាក់វរសេនីយ៍ត្រីចំនួន៣នាក់ ថ្នាក់អនុសេនីយ៍ឯកចំនួន៣នាក់ ប្រកាសមុខតំណែងចំនួន១៤នាក់ ឲ្យចូលកាន់តួនាទីថ្មី ដើម្បីជាសរសទ្រុងក្នុងការជួយជ្រោមជ្រែង កិច្ចការងារជូនសង្គមជាតិ។
លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល បានផ្តាំផ្ញើដល់មន្រ្តីនគរបាលថ្មី ដែលទើបទទួលបានតំណែងថ្មី ត្រូវយកចិត្តទុកដាក់ទៅការងារអនុវត្តន៍ ទៅតាមតួនាទីដែលថ្នាក់លើដាក់ជូន ត្រូវមានសីលធម៌ក្នុងខ្លួន ត្រូវចេះរក្សាភាពផ្ទៃក្នុងសាមគ្គីគ្នា សហការគ្នាស្រឡាញ់គ្នា ត្រូវតាំងខ្លួនបម្រើជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើ សុវត្តិភាព ប្រជាពលរដ្ឋ ត្រូវចេះជួយប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋ ជួបឧបសគ្គអី្វមួយកើតឡើង ត្រូវរក្សាសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឲ្យមានសុវត្តិភាពជូនប្រជាពលរដ្ឋ មិនគិតពីផលប្រយោជន៍ខ្លួនឯងឡើយ ម៉្យាងទៀតក្នុងនាមជា សមត្ថកិច្ចត្រូវចេះបង្កើន ធនធាននុស្សឲ្យបានច្រើនទៀតផង៕