(កំពង់ស្ពឺ)៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលមិនធ្លាប់នៅក្នុងខេត្ត ភាគខាងលិចរាជធានីភ្នំពេញមួយនេះ បានបង្ហាញវត្តមានជាផ្លូវការ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានវត្តមានស្ថានទូតសាធារណកូរ៉េប្រចាំនៅកម្ពុជា មន្ត្រីអ្នកមុខអ្នកការ ប្រជាជនកូរ៉េ រួមនិងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង២០០០នាក់។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងថា «មជ្ឈមណ្ឌលមួយនេះ នឹងធ្វើឲ្យជីវភាពពលរដ្ឋនៅមូលដ្ឋាន បានធូរធា និងមានចំណេះដឹងបន្ថែម។ គោលបំណង នៃការបង្កើតមជ្ឈមណ្ឌលនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំជំនួយទៅសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិរបស់កូរ៉េ (KOICA) ក្នុងកិច្ចទំនាក់ទំនង ជាអន្តរជាតិ ក្នុងន័យជួយប្រទេសកម្ពុជា ទាក់ទងកម្មវិធីអភិវឌ្ឍន៍ជនបទ «ចលនាភូមិថ្មី» ឬ «Saemaul Undong (SMU)»។ គោលដៅធំនៃការអភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំ នៅតាមមូលដ្ឋាន គឺការកសាងសមត្ថភាពដល់សហគមន៍ជនបទ តាមរយៈការបណ្តុះបណ្តាល និងការធ្វើសកម្មភាពផ្សេងៗ។ មិនតែប៉ុណ្ណោះប្រព័ន្ធបណ្តុះបណ្តាល ដែលមានស្រាប់ក្នុង ប្រទេសកម្ពុជា មិនទាន់គ្រប់គ្រាន់សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំភូមិនៅឡើយទេ ដូចនេះហើយវាចាំបាច់ទាមទារបន្ថែមទៀត នូវប្រព័ន្ធថ្មីមួយពីថ្នាក់ជាតិមួយ រួចបន្តពង្រីកជាបន្តបន្ទាប់ តាមតម្រិតជាមួយនឹងកម្មវិធីសិក្សាច្បាស់លាស់»។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ជាលទ្ធផល ភាគីទាំងពីរទាំង កម្ពុជា-សាធារណរដ្ឋកូរ៉េ បានយល់ព្រមបង្កើតប្រព័ន្ធបណ្តុះបណ្តាលថ្មីមួយ ដែលបង្កើតឡើងនូវ មជ្ឈមណ្ឌបណ្តុះបណ្តាលចលនាភូមិថ្មី ថ្នាក់កណ្តាលមួយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ មជ្ឈមណ្ឌលនេះ នឹងសាងសង់ឡើងនៅទីតាំងមួយ ក្នុងខេត្តកំពង់ស្ពឺ ហើយការសាងសង់ទៀតសោត នឹងចាប់ផ្តើមតាំងខែកុម្ភៈ ឆ្នាំ២០១៦ រួចនឹងបញ្ចប់ការសាងសង់នៅក្នុងចន្លោះខែមីនា ឆ្នាំ២០១៧។ គម្រោងសាងសង់នេះ ប្រតិបត្តិការ ដោយគម្រោង KOICA/MRD Project 2017/2018។ មជ្ឈមណ្ឌបណ្តុះបណ្តាលចលនាភូមិថ្មី នឹងត្រូវប្រគល់ជូនក្រសួងអភិវឌ្ឍន៍ជនបទ គ្រប់គ្រងទាំងស្រុង នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៨ខាងមុខវិញ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលចលនាភូមិថ្មី តាមរយៈការអប់រំ នៃកម្មវិធីចលនាភូមិថ្មី ចលនាភូមិថ្មីនឹងធ្វើឱ្យប្រជាពលរដ្ឋអាចទទួលយក ដោយពេញចិត្តនូវ គោលគំនិត៣ គឺចេះជួយខ្លួនឯង ឧស្សាហ៍ព្យាយាម និងសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅតាមទីជនបទ តាមរយៈការធ្វើឱ្យមានអតិប្បរមា នៃបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម។ ចលនាភូមិថ្មី ផ្តល់គន្លឹះសំខាន់ៗ សម្រាប់ការធ្វើឱ្យមាននិរន្តរភាព នៃចលនាភូមិថ្មី ក្នុងតំបន់ជនបទ ទូទាំងប្រទេសកម្ពុជា ដោយធានានូវភាពជោគជ័យ នៃគម្រោងសាកល្បង អភិវឌ្ឍការយល់ដឹងរបស់អ្នកចូលរួមទាំងអស់ ដូចជារបៀប និងហេតុផលនៃការកើតឡើងនៃការអភិវឌ្ឍសហគមន៍ជនបទ និងយល់ដឹងពីរបៀប និងមូលហេតុនៃភាពជាអ្នកដឹកនាំនៃចលនាភូមិថ្មី ដែលត្រូវបានគេបង្កើតឡើង។
ឧបនាយករដ្ឋមន្រ្តី បានដាស់តឿនអ្នកចូលរួមទាំងអស់ឱ្យគិតពីអ្វីដែលគេត្រូវការដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរដើម្បីជួយដល់ អ្នកចូលរួមទាំងអស់ ឱ្យទទួលបាននូវការតាំងចិត្តរបស់ពួកគេ ដើម្បីឱ្យមានការផ្លាស់ប្តូរឥរិយាបថរបស់ពួកគាត់ពីអវិជ្ជមានមកវិជ្ជាមានដើម្បី កសាងសមត្ថភាពជូនដល់អ្នកចូលរួមទាំងអស់ ដោយរៀនសូត្រពីភូមិគំរូនានាមកអនុវត្តផ្ទាល់នៅគម្រោងចលនាភូមិថ្មីរបស់ខ្លួន ឲ្យទទួលបានជោគជ័យកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា។
អត្ថប្រយោជន៍នៃការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ជាកន្លែងចែកចាយចំណេះដឹងបទពិសោធន៍ ទ្រឹស្តី បច្ចេកទេស និងការអនុវត្តផ្ទាល់លើជំនាញកសិកម្ម ផលិតកម្ម វិជ្ជាជីវៈ និងការបង្កើនប្រាក់ចំណូលក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា យ៉ាងចាំបាច់៕