(ភ្នំពេញ)៖ រដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ វៀតណាម និងប្រទេសថៃ បានប្ដេជ្ញារួមគ្នាលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការងារសមរម្យសម្រាប់ ពលករទេសន្តប្រវេសន៍ ពិសេសការធានាការពារដល់ពលករទេសន្តប្រវេសន៍ ទាំងការជ្រើសរើសពលករប្រកបដោយប្រសិទ្ធភាព ការតម្រង់ទិសមុនការចេញដំណើរ និងក្រោយការត្រឡប់មកវិញ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ និងបញ្ហាវិស័យការងារផ្សេងៗទៀត។
ការឯកភាពអនុវត្តការងារខាងលើនេះ ធ្វើឡើងសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) លើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យការងារនៃប្រទេសទាំង៥ ដោយបានលើកយកប្រធានបទស្តីពី «ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការងារសមរម្យ សម្រាប់ពលករទេសន្តប្រវេសន៍» ដែលបានប្រព្រឹត្តទៅនៅទីក្រុងដាណាង ប្រទេសវៀតណាម នាថ្ងៃទី០១-០២ ខែសីហា ឆ្នាំ២០១៧ ក្នុងនោះប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា គឺដឹកនាំដោយលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ម៉ម វណ្ណៈ បានលើកឡើងពីសារសំខាន់ ដែលពលករទេសន្តប្រវេសន៍ បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលផលប្រយោជន៍ទាំងនេះ សុទ្ធតែទទួលបានទាំង ប្រទេសបញ្ជូន និងប្រទេសទទួល ដោយបានចែករំលែកបទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងការបញ្ជូនពលករទេសន្តប្រវេសន៍ ទៅធ្វើការប្រទេសថៃ ម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ សិង្ហបុរី និងជប៉ុន ដោយបានផ្តោតលើគោលនយោបាយច្បាប់ និងបទដ្ឋាននានា នីតិវិធី និងយន្តការសម្រាប់ផ្តល់ការគាំពារ ការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ ពលករទេសន្តប្រវេសន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្ត ក្នុងការធានាការពារដល់ពលករទេសន្តប្រវេសន៍កម្ពុជា ទាំងការជ្រើសរើសពលករប្រកបដោយ ប្រសិទ្ធភាព កម្មវិធីតម្រង់ទិសមុនការចេញដំណើរ និងក្រោយការត្រលប់មកវិញ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ និងបញ្ហាវិស័យការងារផ្សេងៗទៀត រួមមាន ការងារបន្ត និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។
ទន្ទឹមនឹងនេះ លោក ម៉ម វណ្ណៈ បានស្នើសុំឲ្យប្រទេសទាំង៥ ខិតខំថែមទៀតក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការធ្វើទេសន្តប្រវេសន៍ ការងារដោយខុសច្បាប់ ជាពិសេសប្រទេស បញ្ជូន និងប្រទេសទទួលពលករ ហើយការអនុវត្តច្បាប់ដ៏តឹងរ៉ឹងចំពោះមេខ្យល់ និងនិយោជកដែលជ្រើសរើស បញ្ជូន និងប្រើប្រាស់កម្លាំងពលកម្មខុសច្បាប់ គឺជាការចាំបាច់។
អនុវត្តតាមអនុសាសន៍ នៃសន្និសីទរដ្ឋមន្រ្តីការងារលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ នៅក្នុងប្រទេស CLMVT នៅឆ្នាំ២០១៥ និងកិច្ចប្រជុំកម្រិតខ្ពស់នៃប្រទេស CLMVT ស្តីពីសុវត្ថិភាពទេសន្តប្រវេសន៍ នៅឆ្នាំ២០១៦ រដ្ឋមន្រ្តីនៃប្រទេសទាំង៥ បានអនុម័តសេចក្តីថ្លែងការណ៍រួមរបស់ប្រទេស CLMVT ស្តីពីសុវត្ថិភាពការងារទេសន្តប្រវេសន៍ ដោយផ្តោតលើការធ្វើឲ្យមានភាពស៊ីចង្វាក់គ្នានូវច្បាប់ជាតិគោលនយោបាយ និងកម្មវិធីរបស់ប្រទេសនីមួយៗ ដូចខាងក្រោម៖
១៖ ពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពីសុវត្ថិភាពការងារទេសន្តប្រវេសន៍ ដែលរួមមានប្រព័ន្ធគ្រប់គ្រងទេសន្តប្រវេសន៍
២៖ ផ្លាស់ប្តូរព័ត៌មានចាំបាច់នានា និងការអនុវត្តល្អក្នុងចំណោមប្រទេសទាំង៥ ពាក់ព័ន្ធនឹងគោលនយោបាយ នីតិបញ្ញត្តិ និងការអនុវត្តក្នុងការបង្កើនការយល់ដឹង ការបណ្តុះបណ្តាលជំនាញ និងសន្តិសុខសង្គមសម្រាប់ពលករទេសន្តប្រវេសន៍
៣៖ លើកកម្ពស់ការឆ្លងកាត់ព្រំដែនដោយស្របច្បាប់ និងពលករធ្វើការដោយស្របច្បាប់ តាមរយៈកិច្ចព្រមព្រៀងជាទ្វេភាគី
៤៖ ដោះស្រាយជាប្រព័ន្ធនូវឫសគល់នៃទេសន្តប្រវេសន៍មិនស្របច្បាប់ និងពលករទេសន្តប្រវេសន៍ដែលមិនបានគាំពារ ក្នុងគោលបំណងស្វែងរកគោលនយោបាយ និងវិធានការកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីទប់ស្កាត់ដល់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម
៥៖ ចាត់វិធានការសមស្របនៅថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋ អ្នកស្វែងរកការងារ អ្នកធ្វើការងារ និយោជក ភ្នាក់ងារជ្រើសរើសពលករឯកជនរបស់ប្រទេសនីមួយៗ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ស្តីពីសុវត្ថិភាពទេសន្តប្រវេសន៍ការងារ រួមទាំងសិទ្ធិ ផលប្រយោជន៍ ការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ពួកគេ
៦៖ អភិវឌ្ឍកម្មវិធីតម្រង់ទិសមុនពេលចាកចេញ ដើម្បីអប់រំ និងផ្តល់នូវចំណេះដឹងជាមូលដ្ឋានស្តីពីកិច្ចសន្យាការងារ ភាសា វប្បធម៌ និងប្រពៃណី អត្ថប្រយោជន៍សុខមាលភាព និងសិទ្ធិ វិន័យការងារ ច្បាប់ និងអ្វីដែលហាមឃាតដោយនៅក្នុងប្រទេសទទួល។
៧៖ អភិវឌ្ឍយន្តការសហប្រតិបត្តិការ ក្នុងការពង្រឹងការត្រួតពិនិត្យលើប្រព្រឹត្តកម្មលើពលករទេសន្តប្រវេសន៍ ដើម្បីធានាថា ពួកគេត្រូវបានការពារដោយច្បាប់ និងបទប្បញ្ញាត្តិនានា។
៨៖ ចាត់វិធានការសមស្របក្នុងលើកទឹកចិត្តភាគីពាក់ព័ន្ធក្នុងការទទួលខុសត្រូវ និងរួមចំណែកលើកម្ពស់ក្នុងការធានាឱ្យមានទេសន្តប្រវេសន៍ ដោយសុវត្ថិភាពពីប្រទេសបញ្ជូន ទៅប្រទេសទទួល
៩៖ លើកទឹកចិត្តដល់ការចែករំលែកព័ត៌មានរវាងប្រទេសបញ្ជូន និងប្រទេសទទួលឲ្យស្របទៅតាមអនុសញ្ញា និងអនុសាសន៍អន្តរជាតិ ស្តីពីការលើកកម្ពស់ការងារសមរម្យសម្រាប់ពលករទេសន្តប្រវេសន៍។
សូមបញ្ជាក់ថា សន្និសីទនេះរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង តាមតួអក្សរព្យញ្ជនៈនៃប្រទេសនីមួយៗ ហើយប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនេះ នៅឆ្នាំ២០១៩៕