(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យមន្ទីរសាធារណការទាំង២៥រាជធានី-ខេត្ត ជាពិសេសខេត្តដែលរង់គ្រោះដោយជំនន់ទឹកភ្លៀងខ្លាំងជាងគេ ត្រូវយកចិត្តទុកដាក់ត្រូតពិនិត្យ ជួសជុលថែទាំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានស្ពាន ផ្លូវថ្នល់ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឲ្យបានដិតដល់ជាទីបំផុត។
លោកទេសរដ្ឋមន្រ្តីណែនាំបែបនេះ ក្នុងកិច្ចប្រជុំស្តីពីការវាយតម្លៃគ្រោះទឹកជំនន់ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពីប្រធានមន្ទីរសាធារណការរាជធានី-ខេត្ត និងថ្នាក់ដឹកនាំក្រសួងសាធារណការជាច្រើននាក់ទៀត។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធភាពជួសជុលថែទាំគម្រោងស្ពាន និងផ្លូវថ្នល់ ដែលបានបញ្ចប់ការសាងសង់ និងគម្រោងកំពុងអនុវត្តបន្តដែលកំពុងទទួលរងផលប៉ះពាល់ ដោយភ្លៀងធ្លាក់ជាប់ៗគ្នា នាពេលប៉ុន្មានថ្ងៃកន្លងទៅ ក្រោមឥទ្ធិលព្យុះក្នុងតំបន់ ដែលបានបង្កើតជាជំនន់ទឹកភ្លៀងជន់លេច ញាំញីយ៉ាងខ្លាំងទៅលើបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា រួមមាន៖ ខេត្តព្រះវិហារ កំពង់ឆ្នាំង ក្រចេះ ឧត្តរមានជ័យ កំពត និងខេត្តព្រះសីហនុ។
ឆ្លើយតបទៅនឹងបញ្ហានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ពោលគឺនៅពេលពួកគាត់ត្រូវការថ្នាក់ដឹកនាំរបស់ខ្លួនស្វែងរកដំណោះស្រាយបន្ទាន់ ក្នុងការជួសជុលថែទាំស្ពាន និងផ្លូវថ្នល់ដែលរងផលប៉ះពាល់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជាប្រក្រតីឡើងវិញ។
សូមជម្រាបថា ក្រោមឥទ្ធិពលព្យុះទី៨ ឈ្មោះថា សុនកា បានបង្កជាភ្លៀងធ្លាក់ជោកជាំក្នុងប្រទេសកម្ពុជា ដែលបណ្ដាលឲ្យខេត្តមួយចំនួន ដូចជា ខេត្តព្រះវិហារ កំពង់ឆ្នាំង ក្រចេះ ឧត្តរមានជ័យ កំពត និងខេត្តព្រះសីហនុ ដែលទទួលរងការប៉ះពាល់យ៉ាងខ្លាំងដោយសារជំនន់ទឹកភ្លៀង ក្នុងនោះប្រជាពលរដ្ឋមួយចំនួនត្រូវបានជម្លៀសទៅកាន់ទីតួមានសុវត្ថិភាព ចំណែកឯប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៏ត្រូវរងការខូចខាត់ផងដែរ៕