(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការវាយតម្លៃ គ្រោះទឹកជំនន់ ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា ដោយមានការអញ្ជើញចូលរួម ពីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត និងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធភាពជួសជុលថែទាំគម្រោងស្ពាន និងផ្លូវថ្នល់ ដែលបានបញ្ចប់ការសាងសង់ និងគម្រោងកំពុងអនុវត្តបន្ត ដែលកំពុងទទួលរងផលប៉ះពាល់ ដោយភ្លៀងធ្លាក់ជាប់ៗគ្នា នាពេលប៉ុន្មានថ្ងៃកន្លងទៅ ក្រោមឥទ្ធិលព្យុះក្នុងតំបន់ ដែលបានបង្កើតជាជំនន់ទឹកភ្លៀងជន់លេច ញាំញីយ៉ាងខ្លាំងទៅលើបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជារួមមាន៖ ខេត្តព្រះវិហ៊ារ ឧត្តរមានជ័យ កំពង់ធំ កំពត រតនគិរី ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។

ឆ្លើយតបទៅនឹងបញ្ហានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ ឱ្យបានម៉ត់ចត់​ ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ពោលគឺនៅពេលពួកគាត់ ត្រូវការថ្នាក់ដឹកនាំរបស់ខ្លួន ស្វែងរកដំណោះស្រាយបន្ទាន់ ក្នុងការជួសជុលថែទាំស្ពាន និងផ្លូវថ្នល់ដែលរងផលប៉ះពាល់ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជាប្រក្រតីឡើងវិញ៕