(កំពង់ស្ពឺ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ផ្ទះ១ខ្នង ធ្វើពីឈើ ជញ្ជាំងឥដ្ឋ ក្រាលការ៉ូ ប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ មានតយ៉ាកមកមុខ ប្រវែង ២.៥ម៉ែត្រ និងតផ្ទះបាយ-បន្ទប់ទឹក ប្រវែង ២.៥ម៉ែត្រ ដែលចំណាយប្រាក់ ចំនួន ៥,២៣២ដុល្លារ ជូនស្ត្រីមេម៉ាយកូនតូចម្នាក់ឈ្មោះ ណុយ ចន្នី អាយុ ២១ ឆ្នាំ រស់នៅភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ៦០គីឡូក្រាម ត្រីខ ៣០កំប៉ុង មុង៣ ភួយ៣ សារុង៣ ក្រមា៣ និងថវិកា ៥០០.០០០រៀល នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧ ។
ជាមួយគ្នានោះ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានធ្វើពិធីប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន១៩ (មានលេខរៀងពីទី០៤២ ដល់ទី ០៦០) ជូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ចំនួន៤១៨គ្រួសារ ស្មើនឹងមនុស្ស ២,០៩៩នាក់ រស់នៅភូមិចំនួន៤ ឃុំចំនួន៤ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលអណ្តូងទាំងនេះ ចាប់ផ្តើមខួងតាំងពីខែមីនា ឆ្នាំ២០១៧ មកម្ល៉េះ។
ទន្ទឹមនឹងនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា បានចែកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹង គ្រួសារទីទ័លក្រ និងគ្រួសារជនពិការចំនួន៤៦៤គ្រួសារ មកពីភូមិចំនួន៣ នៃឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ដែលគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ ក្រមា១ មុង១ ភួយ១។ ដោយឡែក លោកតា លោកយាយជរា និងជនពិការ បានទទួលនូវថវិកាបន្ថែមមួយចំនួន និងបានប្រគេនបច្ច័យព្រះចៅអធិការវត្តធម្មត្រ័យ ចំនួន៣០០,០០០រៀល។
ប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕