(ស្វាយរៀង)៖ នៅរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋចំនួន១៧៤,៣៦៤នាក់ បានទៅទទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងខេត្តស្វាយរៀង។ គិតពីខែមករា ដល់ខែមិថុនា ករណីប្រជាពលរដ្ឋមកពិនិត្យពិគ្រោះជម្ងឺក្រៅ មានចំនួនសរុប១៥៩,១១៩ករណី (ក្នុងនោះករណីថ្មីមានចំនួន១៤២,៨០៨ករណី)។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះថា សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋនៅខេត្តស្វាយរៀង បានពិនិត្យពិគ្រោះជំងឺក្រៅ និងព្យាបាលជំងឺ មានចំនួនសរុប១៧៤,៣៦៤ករណី។ ចំនួនពិគ្រោះព្យាបាលជម្ងឺខាងលើ ការប្រើប្រាស់សេវាដោយ ប្រជាពលរដ្ឋក្រីក្រ ដែលមានការគាំទ្រពីកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍មានចំនួន៧២២១ករណី។ ទទួលបានការលើកលែងលើការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមានចំនួន១២២០ករណី។ ដោយឡែកអាត្រាស្លាប់មានតែ០.៦៤ភាគរយប៉ុណ្ណោះ នៃអ្នកជំងឺដែលមកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យចំនួនសរុប១៥,២៤៥នាក់។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្តថា ចំណែកស្រ្តីមកសំរាលបុត្រ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកវិញ មានចំនួន ៦,១៥៩នាក់។ ក្នុងចំណោមស្រ្តីខាងលើមានស្រ្តីចំនួន៤៦៣នាក់ ដែលជាស្រ្តីក្រីក្រដែលត្រូវបានជួយ ពីមូលនិធិសមធម៌ដែលរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៏ជាអ្នកផ្ដល់ថវិការ។ ចំនួនប្រជាពលរដ្ឋមកពិគ្រោះជំងឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ មានការកើនឡើងច្រើនបើប្រៀបធៀបនឹងរយៈពេលដូចគ្នា និងឆ្នាំ២០១៦កន្លងមក។
លោកប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង រំពឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧នេះ កំណើនប្រជាពលរដ្ឋដែលចូលមកពិគ្រោះ សម្រាកព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋ ពិតជាមានការកើនឡើងជាក់ជាពុំខាន ព្រោះបច្ចុប្បន្នសេវារបស់រដ្ឋមានឧបករណ៍ទំនើប និងមានគ្រូពេទ្យជំនាញៗ សម្រាប់ព្យាបាលអ្នកជំងឺ។ ម្យ៉ាងទៀតមន្ទីរពេទ្យខេត្តទើបតែទទួលបានអគារ៣ជាន់ ធំស្កឹមស្កៃ បំពាក់ដោយឧបករណ៍ទំនើប ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។ រីឯអាកប្បកិរិយារបស់បុគ្គលិកគ្រូពេទ្យ ចំពោះអ្នកជំងឺក៏មានការល្អប្រសើរជាងមុន ពោលបុគ្គលិកគ្រូពេទ្យតែងតែយកចិត្តទុកដាក់ និងប្រើប្រាស់សំដីសមរម្យចំពោះអ្នកជំងឺ ដូចនៅមន្ទីរពេទ្យឯកជននានាដូច្នោះដែរ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា៖
* ចំនួនកុមារអាយុក្រោម១ឆ្នាំមកទទួលថ្នាំបង្ការគ្រប់មុខ៤៤៥២នាក់
* យុទ្ធនាការផ្តល់ថ្នាំបង្ការបន្ថែម បានចំនួន១លើក មានកុមារបានទទួលថ្នាំបង្ការ ចំនួន៤៨៩០នាក់
* យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនបានចំនួន១លើក មានកុមារីអាយុ៩ឆ្នាំមកទទួលវ៉ាក់សាំងចំនួន ៤៩៤៧ នាក់។
* យុទ្ធនាការដាក់ថ្នាំអាប៊ែត សម្លាប់មូសខ្លាបានចំនួន១លើក មានចំនួន២១២,១៨៣ខ្នងផ្ទះ ហើយប្រើប្រាស់ថ្នាំអាប៊ែតអស់ចំនួន២,១០០គីឡូក្រាម។
* ក្នុងរយៈពេល៦ខែដើមឆ្នាំ រកឃើញករណីថ្មីនៃជំងឺអេដស៍៤៦នាក់។ ចំនួនអ្នកជំងឺអេដស៍ទទួលបានថ្នាំព្យាបាល១៣៧២នាក់។
* មានមណ្ឌលព្យាបាល និងស្តារនីតិសម្បទារចំនួន៤កន្លែង គឺនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យបង្អែក ជីភូ និងមណ្ឌលសុខភាព ដូនស។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា លទ្ធផលទាំងអស់នេះ បានមកពីការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការសុខាភិបាល គ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងដៃគូរអភិវឌ្ឍន៍នានា ស្របតាមគោលនយោបាយ កំណែទំរង់វិស័យសុខាភិបាល និងតាមយុទ្ធសាស្រ្ដចតុកោណរបស់រាជរដ្ឋាភិបាល៕