(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០១៧ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យយានយន្តបាន១១ម៉ឺនគ្រឿង ដែលក្នុងនោះធ្វើការផាកពិន័យ យានយន្តល្មើសចំនួនជិត៤ម៉ឺនគ្រឿង។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុប ការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៧ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលរៀបចំឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានលើកឡើងថា នៅរយៈពេល៦ខែ ឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើង១៩០៧លើក ធ្លាក់ចុះ៧លើក (០.៣%) បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន១៩១៤លើក។

លោកបន្តថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែនេះ បណ្តាលឲ្យស្លាប់មនុស្សចំនួន៩៣១នាក់ កើនឡើង៦នាក់ (០.៣%) ដែល៦ខែឆ្នាំ ២០១៦ មានត្រឹម៩២៥នាក់ ខណៈអ្នករបួសចំនួន៣,០០៦នាក់ ថយចុះ៤១៦នាក់ (១២%) ដែល៦ខែឆ្នាំមុនមានចំនួន ៣,៤២២នាក់។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា មូលហេតុនៃការថយចុះនេះ អាស្រ័យដោយអគ្គស្នងការនគរបាលជាតិ បានខិតខំជំរុញសកម្មភាពអប់រំ ផ្សព្វផ្សាយច្បាប់ និងរឹតបន្តឹងការអនុវត្តន៍ច្បាប់ ព្រមទាំងស្មារតីភ្ញាក់រលឹក ចូលរួមពីសំណាក់ប្រជាពលរដ្ឋភាគច្រើន និងសង្គមទាំងមូល។

លើសពីនេះ នាយកដ្ឋានបានជំរុញនូវជំនាញដល់មន្ត្រីដែលអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធ រួមមាន៖ សហការជាមួយអង្គការ JICA ដើម្បីបង្រៀន​ណែនាំអំពិច្បាប់ចរាចរណ៍ផ្លូវគោក និងបច្ចេកទេសបាញ់ល្បឿនយានយន្ត ដល់កងកម្លាំងនគរបាលចរាចរណ៍ទាំង២៥រាជធានី-ខេត្ត, បង្រៀនអំពីស្លាកសញ្ញាចរាចរណ៍ផ្លូវគោក នៅសាលាមធ្យមសិក្សាវិជ្ជាជីវៈនគរបាល​ (ដីឥដ្ឋ) ដែលមានសិក្ខាកាមចូលរួម៧៧នាក់។ បង្កាត់បង្រៀនរបៀបប្រើប្រាស់ម៉ាស៊ីន វាស់ជាតិអាកុលដែលសិក្ខាកាម ចូលរួមចំនួន២៣នាក់, ចូលរួមប្រជុំគាំទ្រគម្រោងទំនើបកម្ម នៃប្រព័ន្ធចុះបញ្ជី ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងប្រជុំដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការចុះបញ្ជីយាយន្ត ប្រឡងយកបណ្ណបើកបរ និងឈៀក និងធ្វើបទបង្ហាញ ស្តីពីសុវត្ថិភាពក្នុងការធ្វើដំណើរ របស់ទោចក្រយានយន្តដឹកកម្មករ នៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តកោះកុង មានអ្នកបើកបរចូលរួមចំនួន៩០នាក់៕