(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាចិត្តថា នឹងកសាងផ្លូវឲ្យរឹងមាំស្របតាមលក្ខណៈស្តង់ដារ និងបច្ចេកទេសត្រឹត្រូវ ដូច្នេះហើយខាងក្រសួង បានរៀបចំអស់ហើយ ដើម្បីធ្វើយ៉ាងណាឲ្យផ្លូវមានគុណភាពល្អ ដើម្បីបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់គ្នា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងបែបនេះក្នុងឱកាសដែលលោកអញ្ជើញចុះត្រួតពិនិត្យការជួសជុលផ្លូវជាតិលេខ២ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅពាក់កណ្តាលយប់ថ្ងៃទី១-២ ខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកយកព័ត៌មានថា «ទោះបីជាយើងខំធ្វើផ្លូវល្អយ៉ាងណាក៏ដោយ បើមានក្រុមហ៊ុនដឹកជញ្ជូនទំនិញដឹកលើស ចំនួនកំណត់លើផ្លូវ ដែលយើងធ្វើនេះ ក៏អាចធ្វើឲ្យផ្លូវចាប់ខូចរិករិលផងដែរ ដូច្នេះវាមិនមានតែកត្តាមួយនេះទេ គឺមានកត្តាច្រើនយ៉ាងណាស់ ម្យ៉ាងទៀត បើមានទឹកជំនន់អាចឲ្យខូចផ្លូវដែល នេះគ្រាន់តែកត្តាខុសៗគ្នា។ ទោះយ៉ាងណា យើងខិតខំធ្វើផ្លូវឲ្យស្របតាមលក្ខណៈស្តង់ដារ មានអ្នកត្រួតពិនិត្យបច្ចេកទេស តាមដានដោយមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមដានរហូត ហើយយើងប្រើម៉ាស៊ីនគ្រឿងចក្រ ដើម្បីយកម៉ាស៊ីននោះធ្វើតេស្តវា តើគ្រឹះនេះវាមាំ ឬមិនមាំតើផ្លូវនេះទឹករលក ឬមិនទឹករលក»។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ពេលខ្លះមានឡានដឹក៣០តោន លើសទម្ងន់ដែលច្បាប់កំណត់៣០តោន គឺវាស្នើនឹងរថយន្តជិត១លានគ្រឿង ដែលបើកលើផ្លូវនេះ ដូច្នេះសូមមេត្តាចូលរួមជាមួយ រាជរដ្ឋាភិបាលដើម្បីថែទាំផ្លូវរបស់យើងនេះ ដែលរដ្ឋាភិបាលខិតខំប្រឹងប្រែងដើររកប្រាក់កម្ចីពីបរទេស ប្រមូលថវិកាជាតិដើម្បីយកមកកសាងផ្លូវ ថែទាំផ្លូវ។ លោកក៏សូមអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុនដឹកទំនិញ ត្រូវគោរពច្បាប់ដឹកជញ្ជូន មិនត្រូវកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស វែងពេក ខ្ពស់ពេក ពេលពិបាកបត់អាចបង្ក ឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើង។
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុងរបស់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖