(ភ្នំពេញ)៖ ក្រោយទទួលបានបញ្ជាពីនាយឧត្តមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ រហូតឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនបាន និងដាក់បង្ហាញមុខក្រុមចោរឆក់ ដែលតែងតែធ្វើសកម្មភាពឆក់កាបូបស្ពាយ ទូរស័ព្ទ និងសម្ភារផ្សេងៗយ៉ាងសកម្ម ពីប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញចំនួន៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ រួមនិងដកហូតវត្ថុតាងម៉ូតូចំនួន២គ្រឿងផងដែរ។
ជនសង្ស័យទាំងនេះត្រូវបានបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ មុនបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់។
លោក ប៊ុន សត្យា បានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបឃាត់ខ្លួន មុខសញ្ញាក្រុមជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញទាំង៤នាក់ ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួនខាងលើនេះ បានធ្វើឡើងដោយជំហ៊ានដំបូង កាលពីដើមខែកក្កដា ថ្ងៃទី៥ កន្លងទៅ ក្រុមជនសង្ស័យទាំង៥នាក់ បានជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ មានទាំងទូរស័ព្ទ៣គ្រឿង ថវិកា៣ពាន់ដល្លារ និងសម្ភារមួយចំនួនទៀត ពីជនរងគ្រោះជាស្ត្រី២នាក់ ម្ដាយ-កូន ដែលកំពុងជិះបើកម៉ូតូឌុបគ្នា តាមដងផ្លូវ ដើម្បីត្រឡប់ទៅផ្ទះ រហូតបានសម្រេច ហើយក៏រត់គេចខ្លួនបាត់ដោយសុវត្ថិភាព និងបណ្ដាលឲ្យជនរងគ្រោះដួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា បន្ទាប់ពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបស្ពាយយកទាំងទូរស័ព្ទ និងប្រាក់ដុល្លារ បានសម្រេច ពីជនរងគ្រោះ២នាក់ម្ដាយកូនរួចមក នៅថ្ងៃទី៣០ កក្កដា ក្រុមជនសង្ស័យម្នាក់ ក្នុងចំណោម៥នាក់ បានទៅលេងកំសាន្ដនៅឯខេត្តព្រះសីហនុ ស្រាប់តែត្រូវបានកម្លាំងនគរបាលខេត្ត បង្ក្រាបឃាត់ខ្លួនបានភ្លាមៗ នៅត្រង់ចំណុចកោះរ៉ុង សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ និងដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GJ-7421 ហើយក៏ទទួលបានចម្លើយជាតម្រុយខ្លះៗ ពីជនសង្ស័យ ដែលបង្ក្រាបបាន ទើបបន្តប្រតិបត្តិការស៊ើបអង្កេតតាមជំនាញ រហូតដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា អាចឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកបន្ថែម៣នាក់ទៀត និងដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៧ គ្មានស្លាកលេខ នៅត្រង់ចំណុចខាងមុខស្ថានទូតវៀតណាម ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។
លោកបន្តថា ជនសង្ស័យទាំង៤នាក់ ក៏បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ពួកគេក៏បានធ្វើសកម្មភាពឆក់កាបូបដៃ ពីជនជាតិអង់គ្លេសម្នាក់ឈ្មោះ John willam Wanmadoocks រហូតបានសម្រេច ហើយយកបានទូរស័ព្ទម៉ាក iphone6+១គ្រឿង នៅត្រង់ចំណុចខាងមុខវិហ៊ារឥស្លាម ផ្លូវលេខ៨៦ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ទាំង៤នាក់ ដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ ហង្ស វីរៈ ហៅប៊ឹប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ទី២-ឈ្មោះ រឿន ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ទី៣-ឈ្មោះ ឈន ហេងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨២ ផ្លូវ៥៩៨ ភូមិ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ទី៤-ឈ្មោះ សេង សុធារិទ្ធិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៦១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ឯជនរងគ្រោះទី១-ឈ្មោះ ញឹម តនីតា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៦២ដេ ផ្លូវលេខ១៩ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ទី២-ឈ្មោះ នូវ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ២ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ក្រោយបង្ក្រាប និងដាក់បង្ហាញមុខក្រុមជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហម្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ វិនិឆ្ឆ័យតាមផ្លូវច្បាប់ នៅថ្ងៃនេះហើយ៕