(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ខាងមុខនេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការរឿងក្ដីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ពាក់ព័ន្ធការបរិហារកេរ្តិ៍ចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។
លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ថា សវនាការនេះដឹកនាំដោយលោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍ វេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែសីហា។
គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំនួន១០០រៀល។
លោកចៅក្រម អ៊ី ថាវរៈ ក៏បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលោកស្រី ថាក់ ឡានី ផងដែរ។ លោកស្រី ថាក់ ឡានី ជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី អ្នកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោ ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។
ដើម្បីស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូល នៃប្រទេស សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀល ប៉ុណ្ណោះ។
តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ លោកស្រី ថាក់ ឡានី បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ៕