(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានមោទនភាពដោយបានចូលរួមឧបត្ថម្ភក្នុង «សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅកម្រិតសិក្សាចំណេះទូទៅ» ដែលជាព្រឹត្តិការណ៍ដ៏ធំមួយសំដៅចែករំលែក ផ្សព្វផ្សាយ និងលើកកម្ពស់ការអប់រំមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅថា ស្ទែម នៅតាមគ្រឹស្ថានសិក្សាចំណេះដឹងទូទៅ នៅទូទាំងប្រទេស ។
សិក្ខាសាលានេះបានរៀបចំឡើងកាលពីពេលថ្មីៗនេះ ដោយ Kids City Asia ដែលជាដៃគូមួយរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ។ ព្រឹត្តិការណ៍ដ៏ធំនេះ មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ នាយក-នាយិកាសាលាជាង ២០០នាក់ មកពីសាលានានាក្នុងរាជធានីភ្នំពេញ ព្រមទាំងសិស្សានុសិស្ស ដៃគូនិងអ្នកពាក់ព័ន្ធដទៃទៀតជាច្រើន ។
លោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងថា «ការអប់រំទៅលើមុខវិជ្ជា ស្ទែម មានលក្ខណៈស្របទៅនឹងគុណតម្លៃ របស់ក្រុមហ៊ុន ព្រូដិនសល កម្មវិធីអំណានដំបូង និងកម្មវិធីអំណានហិរញ្ញវត្ថុមូលដ្ឋាន សម្រាប់កុមារ ឆា-ឈីង និងកម្មវិធីអប់រំសហគមន៍សំខាន់ៗជាច្រើនទៀតរបស់យើង ហើយយើងក៏សង្ឃឹមថាកម្មវិធីទាំងនេះ នឹងជួយធ្វើឲ្យមានការផ្លាស់ប្តូរ ជាវិជ្ជមាន ព្រមទាំងផ្តល់ឱកាសជាច្រើនដល់កុមារ និងយុវជន ឲ្យពួកគាត់មានក្តីសុបិន្តកាន់តែធំ និងបង្កើនចំណេះដឹងមូលដ្ឋានដើម្បីអនាគតដ៏ប្រសើរ» ។
លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងផងដែរថា «យើងបានដឹងហើយថាចំណេះដឹង និងសមត្ថភាពជំនាញលើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា របស់យើងនៅមានកម្រិតទាបនៅឡើយ ។ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអប់រំមុខវិជ្ជាស្ទែមនៅកម្រិតសិក្សាចំណេះទូទៅ នៅពេលនេះ ពិតជាមានសារសំខាន់សម្រាប់លោកនាយក លោកស្រីនាយិកា យកធ្វើជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីសិក្សា និងសកម្មភាពផ្សេងៗ ដើម្បីអភិវឌ្ឍគំនិត និងទម្លាប់ធ្វើការជាក្រុម ដើម្បីឲ្យមានជំនាញទន់»។
ការលើកកម្ពស់ការអប់រំមុខវិជ្ជា ស្ទែមនៅកម្ពុជា គឺជាកិច្ចខិតខំប្រឹងប្រែងកំពុងបន្តមួយ ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើន ដូចជា ក្រសួងអប់រំ ស្ថានទូតអង់គ្លេស អង្គការ និងក្រុមហ៊ុនវិស័យឯកជន រួមមាន Kids City និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាដើម ។ សិក្ខាសាលានេះ បានចែករំលែកកម្មវិធី និងធនធានអប់រំ ដែលបានចងក្រងឡើង ពាក់ព័ន្ធនឹងការអប់រំមុខវិជ្ជាស្ទែម ទៅដល់ភាគីពាក់ព័ន្ធ ក៏ដូចជាជូនដំណឹងពួកគាត់ អំពីកិច្ចសហការនានាទាក់ទងនឹងការអប់រំមុខវិជ្ជាស្ទែម នៅរាជធានីភ្នំពេញនិងក្នុងប្រទេសកម្ពុជា ។
ក្នុងសិក្ខាសាលានេះ ដើម្បីបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងនៃការអប់រំមុខវិជ្ជាស្ទែម គេបានរៀបចំតុជាច្រើន ដើម្បីតាំងបង្ហាញគម្រោងវិទ្យាសាស្រ្តពីសាលារៀនមួយចំនួន និងពីព្រឹត្តិការណ៍កាលពីពេលមុន ដូចជា មហោស្រពវិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជា និងកម្មវិធី STEM Bus និង Cambodia Festival ។
លោក ចាន់ សុផល ជាសាស្ត្រាចារ្យរូបវិទ្យានៅវិទ្យាល័យបឹងត្របែក បាននិយាយដូច្នេះថា មុខវិជ្ជា ស្ទែម នេះមានសារសំខាន់ណាស់ក្នុងការឲ្យសិស្សមានគំនិតច្នៃប្រឌិតក្នុងការធ្វើ ដូចជា ផលប្រយោជន៍របស់មេដែក ថាតើមេដែកមួយអាចបង្កើតបានអ្វីខ្លះ ដែលធ្វើឲ្យគាត់មានចំណាប់អារម្មណ៍ និងស្រឡាញ់មុខវិជ្ជាវិទ្យាសាស្រ្តឡើងវិញ ហើយគាត់អាចយកគំនិតនេះ ទៅផ្សព្វផ្សាយទៅមិត្តភ័ក្តិគាត់ដ៏ទៃទៀត ៕