(ភ្នំពេញ)៖ សន្និសីទថ្នាក់តំបន់លើកទី១០ ស្តីពីវិស្វកម្មភូគព្ភសាស្រ្ត និងធនធានរ៉ែ បានប្រារព្ធឡើង នៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ក្រោមប្រធានបទ «ការអប់រំ និងនិរន្តរ៍ភាពនៃបរិស្ថាន ក្នុងការអភិវឌ្ឍន៍ធនធានរ៉ែ នៅក្នុងសហគមន៍អាស៊ាន»។
សន្និសីទនេះដែល រៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយ ASEAN University Network/Southeast Asia Engineering Education Development Network (AUN/SEED-Net) ស្ថិតក្រោមអធិបតីភាព លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកសាស្រ្តាចារ្យ KOICHIRO Watanabe មកពីសាកលវិទ្យាល័យ Kyushu University ប្រទេសជប៉ុន លោកសាស្រ្តាចារ្យ Lucas Donny Setijadji មកពីសាកលវិទ្យាល័យ UGM ប្រទេសឥណ្តូនេស៊ី និង លោក គង់ ស៊ីថា ប្រធាននាយកដ្ឋានភូគព្ភសាស្រ្ត ក្រសួងរ៉ែនិងថាមពល ។
សន្និសីទនេះ គឺជាការជួបជុំ និងពិភាក្សាផ្តោះប្តូរយោបល់រវាងអ្នកស្រាវជ្រាវ ដែលអញ្ជើញមកពីប្រទេសផ្សេងៗគ្នា ពីការអភិវឌ្ឍន៍ និងបញ្ហានានាដែលកើតឡើងក្នុងវិស័យនេះ។ ព្រឹត្តិការណ៍ក្នុងរយៈពេល២ថ្ងៃនេះ បានទាក់ទាញ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិប្រមាណ១៥០នាក់ក្នុងនោះរួមមាន អ្នកស្រាវជ្រាវកម្ពុជា ជប៉ុន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន ឡាវ និងវៀតណាម។
លើសពីនេះទៀតក្រុមហ៊ុនជាតិ អន្តរជាតិ និងស្ថាប័នរដ្ឋនានាដូចជា ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងរ៉ែ និងថាមពលក៏បានចូលរួមផងដែរ។
លទ្ធផលរំពឹងទុក ពីសន្និសីទនេះ គឺអ្នកស្រាវជ្រាវ នឹងបានយល់យ៉ាងជ្រាលជ្រៅ ពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យធនធានរ៉ែ និងភូគព្ភសាស្រ្ត នៅក្នុងសហគមន៍អាស៊ាន និងចូលរួមជាយោបល់ ក្នុងការបន្តការស្រាវជ្រាវ ក្នុងវិស័យនេះឲ្យកាន់តែប្រសើរឡើង។ ការយល់ដឹងនេះ នឹងក្លាយជាប្រយោជន៍ សម្រាប់ការអភិវឌ្ឍន៍វិស័យធនធានរ៉ែ និងភូគព្ភសាស្រ្ត ជាមួយការកាត់បន្ថយ នៃផលប៉ះពាល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី៕