(ពោធិ៍សាត់)៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងខ្នារ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងជំនាញស្រុកបាកាន បានចុះប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង បាន៤នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ និងឧបករណ៍បម្រើឲ្យការជួញដូរជាច្រើនទៀត។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ៦៖៣៥នាទីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី យ៉ែម យឿន អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀនខាងលើ កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យបាន៤នាក់ រួមមាន៖ ១-ភឿន សុផានិត អាយុ២៦ឆ្នាំ រស់នៅភូមិបឹងខ្នារ, ២-ហេង គឹមហុន អាយុ២៩ឆ្នាំ រស់នៅភូមិបឹងខ្នារ, ៣-ហន ហឿន អាយុ៣៨ឆ្នាំ រស់នៅភូមិព្រះម្លូរ និង៤-ហែម ដារិត អាយុ២៩ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអធិការបន្តថា វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមព័ណ៌សថ្លា សង្ស័យថាសារធាតុញៀន០៣កញ្ចប់ធំ និងកញ្ចប់ប្រើប្រាស់រួចនៅជាប់ជាតិថ្នាំ៤កញ្ចប់, ដាវ០១ដើម, ទូរសព្ទដៃ១៧គ្រឿង, កាបូបដៃ០៣, លុយខ្មែរ ១២៥.៥០០រៀល, ម៉ូតូ០២គ្រឿង, រថយន្ត០១គ្រឿង ម៉ាកកាម៉ារីឆ្លាម ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2L-4004 និងសម្ភារបម្រើឲ្យការជួញដូរមួយចំនួនធំទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលបំពេញនីតិវិធី ដើម្បីបញ្ជូនឱ្យជំនាញខេត្តចាត់ការបន្ត។ ដោយឡែក នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ មានមេក្រោងធំៗ ៣នាក់ បានរត់គេចខ្លួននោះ មានឈ្មោះ៖ ១-សល់ គឹមស៊ី អាយុ២៨ឆ្នាំ រស់នៅភូមិបឹងខ្នារ, ២-សូត សុះ អាយុ២៩ឆ្នាំ រស់នៅភូមិបឹងខ្នារ និង៣-ហិន វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់៕