(ភ្នំពេញ)៖ បេក្ខជន និងបេក្ខនារី ១៦រូប បានស្បថសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ជាមួយនឹងការប្តេជ្ញាចិត្តគោរព តាមក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ព្រមទាំងច្បាប់ទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីស្បថនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក សួន វិសាល ជាប្រធាន លោក ចាយ ច័ន្ទតារាវណ្ណ លោកស្រី ទិត សុទ្ធីបូរ៉ាលក្ខណ៍ ជាសមាជិក និងលោក ហ៊ាន រិទ្ធ ជាតំណាងមហាអយ្យការ។
លោក កៃ វិសាល មេធាវីតំណាងប្រធានគណៈមេធាវី បានបញ្ជាក់ថា មេធាវី១៦រូប ត្រូវបានស្បថសច្ចាប្រណិធាន ដើម្បីចូលប្រកបវិជ្ជាជីវៈមេធាវី។
លោកមេធាវី កៃ វិសាល បានផ្តាំផ្ញើដល់មេធាវីទាំង១៦រូប ទើបស្បថនេះឲ្យប្រកបវិជ្ជាជីវៈមេធាវីដោយជោគជ័យ ដាស់តឿនមេត្តាពិនិត្យអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈមេធាវីនិងលក្ខន្តិកៈមេធាវី និងច្បាប់ទាំងឡាយ។
មេធាវីទើបស្បថទាំងអស់ បានសច្ចាប្រណិធានថា ស្មោះត្រង់ចំពោះវិជ្ជាជីវៈ ភារកិច្ចជាមេធាវី។ សូមប្តេជ្ញាជាឱឡារិកថា «ក្នុងនាមជាមេធាវី សូមគោរពឲ្យល្អបំផុត អនុវត្តតាមច្បាប់ និងមិនលុះដោយអគតិទាំង៤។ ប្រសិនបើបំពានពាក្យប្តេជ្ញានេះ សូមទទួលរងនូវបាបកម្មរងទុក្ខវេទនា។ ប៉ុន្តែបើប្រព្រឹត្តបានល្អត្រឹមត្រូវ នឹងមានលុះដោយអគតិទាំង៤ទេ មានសេចក្ដីសុខចម្រើន»។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅកម្ពុជាមានមេធាវីទាំងអស់ចំនួន១៣៨២រូប ក្នុងនោះមេធាវីពេញសិទ្ធិចំនួន១០០៨រូប។ នេះបើយោងតាមវេបសាយរបស់គណៈមេធាវីចេញផ្សាយ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧៕