(តាកែវ)៖ អ្នកនាំពាក្យសាលាដំបូង ខេត្តតាកែវ លោក ផាន់ សុភ័ក្រ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ជនដែលបង្ហោះនៅលើបណ្តាញ ទំនាក់ទំនង Facebook មានថាជនជាតិវៀតណាម ចាប់ក្មេងវះយកគ្រឿងក្នុង ខេត្តតាកែវ ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនហើយ ដោយចៅក្រម ម៉ែន រដ្ឋា។
បើតាមលោក ផាន់ សុភ័ក្រ បានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទ ក្លែងព័ត៌មាន និងពីបទញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ យោងតាមមាត្រា៤២៥ បទល្មើសក្លែងព័ត៌មានត្រូវផ្ដន្ទាទោសពី១ឆ្នាំ ទៅ២ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ៤លានរៀល ដោយឡែកមាត្រា៤៩៥ បទល្មើសញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រឈមជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។
ជនដែលបង្ហោះព័ត៌មានតាម Facebook ថា មានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកសំរោង ខេត្តតាកែវ បង្កឲ្យមានភាពចលាចល ក្នុងសង្គមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាន កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។ បុរសរូបនេះមានឈ្មោះ លី ឆៃយ៉ា អាយុ៣០ឆ្នាំ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «La chhaya»។
ជាមួយនឹងព័ត៌មានខាងលើនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថា «គិតមកដល់ពេលនេះ តាមព័ត៌មានពីតំណាងអយ្យការតាមរាជធានីខេត្ត ទូទាំងប្រទេស គឺពុំទាន់មានករណីបទល្មើស ចាប់ក្មេងដើម្បីវះយកសរីរាង្គនៅឡើយនោះទេ គឺផ្ទុយពីព័ត៌មានបំពុលនានា ដែលបាននឹងកំពុង ផ្សព្វផ្សាយ នៅលើបណ្តាញសង្គម។ នៅពេលនេះតាមព័ត៌មានដែលទទួលបាន តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀតហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន បំពុលលើបណ្តាញសង្គមរបស់ខ្លួន ទាក់ទងនឹងករណីចាប់ក្មេងនេះ ដែលនេះជាករណីថ្មីមួយទៀត បន្ទាប់ពីករណីកាលពី ម្សិលមិញ នៅខេត្តកំពង់ធំ»។
បើតាមលោក គឹម សន្តិភាព បានបន្តបញ្ជាក់ទៀតថា តំណាងអយ្យការទូទាំងប្រទេស បានកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពិនិត្យស្រាវជ្រាវ និងអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះការផ្សព្វផ្សាយព័ត៌មាននានា ដែលមានចរិកទុច្ចរិតបង្កឲ្យមានការភ័យខ្លាច និងចលាចលក្នុងសង្គម និងសូមអំពាវនាវឲ្យ បញ្ឈប់ជាបន្ទាន់ នូវការផ្សព្វផ្សាយព័ត៌មាន ដែលពុំមែនជាការពិតបែបនេះ។
ជាមួយគ្នានេះលោកក៏សូមអំពាវនាវបងប្អូនដែលទទួលបានព័ត៌មាននានាទាក់ទងនឹងករណីនេះ សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមរយៈលេខទូរស័ព្ទ 031 201 2345 , 031 601 2345៕