(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ បានដឹកនាំគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រៀបចំប្រជុំស្តីពីចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដោយមានការចូលរួមពីអភិបាល-អភិបាលរងរាជធានី-ខេត្តបេក្ខភាព ក្រុមការងារវាយតម្លៃទីក្រុងស្អាតរាជធានី-ខេត្ត តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយក្នុងនោះលោកបានស្នើឲ្យបេក្ខភាពទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវដោះស្រាយបញ្ហាសំរាម សណ្ដាប់ធ្នាប់ បង្គន់អនាម័យសាធារណៈ និងមណ្ឌលព័ត៌មានទេសចរណ៍ ដើម្បីប្រកួតប្រជែងយកជយលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅដើមឆ្នាំ២០១៨។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងការចូលរួមរបស់ក្រុង-ខណ្ឌបេក្ខភាព ដោយក្នុងនោះមានរាជធានី-ខេត្តចំនួន៧ ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី១នេះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ហើយពិធីប្រកាសជយលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ នឹងប្រព្រឹត្តទៅនាឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) ២០១៨ នៅប្រទេសថៃ។
ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលមានកម្ពុជាជាប្រទេសនាំមុខក្នុងការរៀបចំ ត្រូវបានអនុម័តជាផ្លូវការ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ATF ២០១៥។ ស្តង់ដារថ្នាក់តំបន់នេះ ត្រូវបានរៀបចំដោយផ្អែកលើគំរូ និងបទពិសោធន៍នៃការអនុវត្តស្តង់ដាទីក្រុងស្អាតរបស់កម្ពុជា រួមមាន៧សូចនាករគោល៖ ១៖ ការគ្រប់គ្រងបរិស្ថាន, ២៖ ភាពស្អាត, ៣៖ ការគ្រប់គ្រងសំណល់, ៤៖ ការបញ្ជ្រាបការយល់ដឹងអំពីកិច្ចការពារបរិស្ថាន និងភាពស្អាត, ៥៖ តំបន់បៃតង, ៦៖ សុវត្ថិភាពសុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង និង៧៖ ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ និង២៨សូចនាករលម្អិត ហើយត្រូវបានដាក់ពិន្ទុតាមរយៈលក្ខណៈវិនិច្ឆ័យចំនួន ១០៨។ ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ នឹងចូលរួមបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍ក្នុងតំបន់ ព្រមទាំងជាផ្នែកមួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីៗ នៅតាមទីក្រុង (Secondary destinations) ផងដែរ។
ដើម្បីពង្រឹងការចូលរួមរបស់ក្រុង-ខណ្ឌបេក្ខភាព លោករដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវអនុសាសន៍ចំនួន ២០ចំណុច ដោយក្នុងនោះផ្តោតសំខាន់ទៅលើ ទី១៖ ការពង្រឹងការគ្រប់គ្រងសំណល់រឹង (ការវេចខ្ចប់ទុកដាក់ និងសេវាប្រមូលសំរាម)
ទី២៖ ការរក្សាភាពស្អាតនៅតាមទីសាធារណៈ សួន ផ្លូវសំខាន់ៗក្នុងក្រុង និងផ្លូវចូលក្រុង
ទី៣៖ ការរៀបចំ និងថែទាំបង្គន់អនាម័យសាធារណៈ
ទី៤៖ ការរៀបចំសងសង់បន្ថែម និងពង្រឹងការគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ ឲ្យបានសមស្របតាមទំហំ និងកំណើនទេសចរ
ទី៥៖ ការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ន អាស៊ានបានរៀបចំដាក់ចេញនូវស្តង់ដាគុណភាពទេសចរណ៍កម្រិតតំបន់ រួមមាន៧ស្តង់ដារ រួមមាន៖ ស្តង់ដារសណ្ឋាគារបៃតងអាស៊ាន ស្តង់ដារផ្ទះស្នាក់អាស៊ាន ស្តង់ដារស៉្បា និងផាសុខភាពអាស៊ាន ស្តង់ដារបង្គន់សាធារណៈអាស៊ាន ស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងស្តង់ដារបន្ទប់ប្រជុំអាស៊ាន (MICE Venue) សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យនៃការបង្កើនភាពប្រកួតប្រជែងទេសចរណ៍អាស៊ាន ក៏ដូចជាដើម្បីធានាការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន ប្រកបដោយនិរន្តរភាព និងសមធម៌ ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥៕