(ព្រះវិហារ)៖ ជនសង្ស័យ២នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាប និងរឹបអូសបាន នៅរសៀលថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកវរសេនីយ៍ត្រី រៀល ផាន នាយការិយាល័យគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀននេះ គឺកម្លាំងកងរាជអាវុធហត្ថខេត្ត៤នាក់ ប្រើប្រាស់រថយន្តមួយគ្រឿង បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ នៅសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សេង មករា អាយុ៣៤ឆ្នាំ មុខរបរកម្មករបើករថយន្ត រស់នៅភូមិឃុំកើតហេតុខាងលើ ព្រមទាំងដកហូតបានម្សៅក្រាមពណ៌ស ថ្លា៥កញ្ចប់ និងទូរស័ព្ទពីរគ្រឿង។
បន្ទាប់ពីបានសួរនាំរួច សមត្ថកិច្ចបានបន្តស្រាវជ្រាវរហូតឃាត់ខ្លួន ជនសង្ស័យបានម្នាក់ទៀត ឈ្មោះ យឹម វុធភេទ អាយុ២២ឆ្នាំ មុខរបរកម្មករនៅចំណុចគីឡូម៉ែត្រ៥៧ ស្ថិតនៅភូមិរំចេក ឃុំរម្មណី ស្រុករវៀង ដោយដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា មួយកញ្ចប់ស្មើ ម៉ូតូវ៉េវពណ៌ក្រហម គ្មានស្លាកលេខមួយគ្រឿង ទូរស័ព្ទពីរគ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំងពីររួម និងវត្ថុតាងត្រូវបានកំលាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចត់ការតាមច្បាប់៕