Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ជម្រុញឲ្យអាជ្ញាធរស្រុក សហការរៀបចំចាក់ដីផ្លូវចូលផ្សារប្រម៉ោយ ដើម្បីសម្រួលដល់ការធ្វើដំណើរ, បើមានឱកាសលោកនឹងជួបជុំជាមួយអាជីវករម្តង ដើម្បីដោះស្រាយបញ្ហាប្រឈម

01-08-2017 19:13

(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានជម្រុញឲ្យអាជ្ញាធរស្រុក សហការរៀបចំចាក់ដីផ្លូវចូលផ្សារប្រម៉ោយ ឲ្យបានស្អាតល្អ ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើសេចក្តីត្រូវការរបស់អាជីវករ។ ទន្ទឹមនឹងនោះអាជ្ញាធរស្រុក ត្រូវស្រង់បច្ចុប្បន្នភាពអាជីវករ ក្នុងផ្សារប្រម៉ោយឲ្យបានចប់ សព្វគ្រប់ ហើយនៅថ្ងៃណាមួយលោកនឹងជួបជុំជាមួយអាជីវករម្តង ដើម្បីលើកពីបញ្ហាប្រឈម និងសំណូមពរ ក្នុងការប្រកបរបររកស៊ីទទួលទាន ប្រចាំថ្ងៃ រួមគ្នាដោះស្រាយទាំងអស់គ្នា។

ការជម្រុញរបស់លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយបងប្អូនអាជីវករផ្សារប្រម៉ោយ ដោយបានការចូលរួមពីលោក លៀម ប៊ុនរឿម ប្រធានមន្ទីរ ដ.ន.ស.ស ខេត្ត, លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកវាលវែង។

លោក ម៉ៅ ធនិន បានថ្លែងថា ការចុះមកនាពេលនេះ គឺជាទម្លាប់របស់លោក ក្នុងការត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការលើកកម្ពស់ថែទាំអនាម័យ បរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួល និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។ នៅចំពោះមុខអាជីវករទូទាំងផ្សារប្រម៉ោយ លោកអភិបាលខេត្ត បានឲ្យដឹងថា បើមានឱកាសលោកនឹងអញ្ជើញបងប្អូនអាជីវករទូទាំងផ្សារ មកជួបជុំគ្នាម្តង នៅថ្ងៃណាមួយដែលសមរម្យ ដើម្បីលើកពីបញ្ហាប្រឈម និងសំណូមពរ រួមគ្នាដោះស្រាយ ឲ្យដូចជាគ្រួសារតែមួយ។

បន្ថែមពីនោះ លោកអភិបាលខេត្ត បានទទួលដោះស្រាយសំណូមពររបស់បងប្អូនអាជីវករ ទាក់ទងទៅនឹងផ្លូវចូលផ្សារ និងសំណូមពរឲ្យរៀបចំការដូរលក្ខណៈប្រមូលផ្តុំ តាមប្រភេទសាច់ បន្លែ សម្លៀកបំពាក់... និងបានសំណូមពរតបដល់ប្រជាពលរដ្ឋ និងអាជីវករផ្សារប្រម៉ោយ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅពេលអាជ្ញាធរស្រុកចុះជួសជុល ត្រូវចេះយោគយល់អធ្យាស្រ័យ និងចូលរួមថែទាំ សម្អាតអនាម័យ ឲ្យបានទាំងអស់គ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យមើលការកសាងផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ព្រំដែនឃុំថ្មដា ជាប់នឹងខេត្តត្រាត ប្រទេសថៃ ដែលបាននឹងកំពុងស្ថាបនាយ៉ាងមមាញឹកបានប្រមាណ៨៥%ហើយ។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ មានប្រវែង១៨២គីឡូម៉ែត្រ មានទទឹង៩ម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណ១៣២លាន ២សែនដុល្លារអាមេរិក ជាប្រភេទផ្លូវ(DBST) គិតចាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចPK៩១+១៥០ ស្រុកភ្នំក្រវាញ រហូតដល់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែនកម្ពុជា-ថៃ ហើយផ្លូវនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥កន្លងទៅ៕