(ភ្នំពេញ)៖ ក្រោយអង្គភាពព័ត៌មាន Fresh News ចេញផ្សាយនូវអត្ថបទមួយមានចំណងជើងថា «ចាប់ខ្លួននាយរងនគរបាលប៉ុស្ដ៏អន្តោប្រវេសន៍ព្រលានយន្តហោះភ្នំពេញ ពាក់ព័ន្ធករណីជួលរថយន្តគេជិះ មិនយកទៅសងម្ចាស់វិញ» រួចមកសាមីខ្លួនគឺស្ត្រីឈ្មោះ ថន គារ៉េនណា បានចេញមុខមកអះអាងថា ករណីខាងលើនេះ គឺផ្ដើមចេញពីរឿងទិញរថយន្តបង់រំលោះ មិនមែនករណីជួលរថយន្តជិះ ហើយមិន យកទៅប្រគល់ឲ្យម្ចាស់គេវិញនោះទេ។
ស្ត្រីឈ្មោះ ថន គារ៉េនណា បានឆ្លើយតបមក Fresh News តាមសារអេឡិចត្រូនិកថា ករណីនេះមិនមែនជារឿងឆបោកទេ ទាក់ទងនឹងការលក់ទិញដោយការ បង់រំលោះធម្មតា ជារឿងស៊ីវិល មិនមែនជារឿងបទល្មើសព្រហ្មទណ្ឌឡើយ ជារឿងកិច្ចសន្យាលក់ទិញដោយបង់រំលោះ មិនមែនជាការជួលរថយន្តប្រើប្រាស់ទេ ហើយរឿងនេះកំពុងតែដំណើរការនៅឡើយ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបញ្ជាអោយនាំខ្លួនស្ត្រីឈ្មោះថន គារ៉េនណា ជាមួយរថយន្តម៉ាក Lexus RX330 មួយ គ្រឿងតាមដីកាសម្រេចចាត់ចែងរក្សាការពាររបស់ លោក គឹម ម៉េង ចៅក្រមនៃសាលាដំបូងខេត្តកណ្តាល យកទៅសួរនាំនៅសាលាដំបូងរាជធានីភ្នំពេញ តែក្រោយមកព្រះរាជអាជ្ញាររងបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ដោយទុកតែរថយន្តនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយបន្តប៉ុណ្ណោះ៕