(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានជួយសង្គ្រោះនារីខ្មែរ៤នាក់ ដែលបានចាញ់បោកមេខ្យល់នាំធ្វើដំណើរឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីទៅរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន។

បើតាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បញ្ជាក់ថា នារីខ្មែរទាំង៤នាក់នោះ ​៣នាក់មានទីលំនៅក្នុងរាជធានីភ្នំពេញ និងម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ហើយបានចូលទៅប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។

ក្រសួងការបរទេសបន្ថែមថា នារីខ្មែរទាំង៤នាក់នោះ បានមកដល់ច្រកទ្វារព្រំដែនអន្ដរជាតិបាវិត ខេត្តស្វាយរៀង នៅព្រឹកមិញនេះ ហើយបានប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ចែងបញ្ជូនទៅស្រុកកំណើតវិញ៕