(សៀមរាប)៖ លោកស្រី គួយ ណាលីន អនុប្រធានកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានលើកឡើងថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌។
ថ្លែងបែបនេះធ្វើឡើងក្នុងឱកាស លោកស្រី គួយ ណាលីន និងលោកស្រី មាស សន នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៧៥នាក់ ស្រី១១២នាក់ ដែលមកពីវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ចំនួន៧៥នាក់ និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ចំនួន១០០នាក់។
លោកស្រី គួយ ណាលីន បញ្ជាក់ថាកម្លាំងស្នូលដ៏សំខាន់ក្នុងការផ្ដល់សេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «សង្រ្គោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត» នៃយុទ្ធសាស្ត្រ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា។
លោកស្រី ក៏បានប្រគល់ជូននូវតួនាទីភារកិច្ចដល់ប្អូនៗមាន៖ ជាតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ, ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា, ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ, ផ្សព្វផ្សាយពីគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម នៅក្នុងសាលា និងសហគមន៍, ចូលរួមសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និងសហគមន៍, ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ ស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍៕