(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ ចុះពិនិត្យមើលពីវឌ្ឍនភាព នៃកិច្ចអភិវឌ្ឍន៍របស់ភូមិឃុំ នៅមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដោយអមដំណើរដោយលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក ឃុំ និងមន្ត្រីរាជការផងដែរ ។
ក្នុងដំណើរចុះពិនិត្យនោះពីវឌ្ឍនភាពនៅថ្នាក់ឃុំនោះ លោក ឃឹម ប៊ុនសុង បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាប្រតិបត្តិករទេសចរណ៍នាឱកាសនោះ ក៏បានបញ្ជាក់ថា បឹងទន្លេ សាប គឺជាទីជង្រុកត្រីទឹកសាបដ៏ធំ នៅក្នុងតំបន់អាស៊ី ហើយក៏ជាដង្ហើម នៃសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់បងប្អូនប្រជានេសាទ ដែលពឹងផ្អែក និងអាស្រ័យផលពីការនេសាទ។
ម៉្យាងទៀតដើម្បីឲ្យធនធានមច្ឆាជាតិបាននៅគង់វង្សនោះ ទាំងប្រជាជន និងប្រជានេសាទទាំងអស់គ្នា ត្រូវរួមគ្នាធ្វើការអភិរក្សថែរក្សានូវសម្បត្តិធនធានធម្មជាតិ បរិស្ថាន នៅក្នុងតំបន់បឹងទន្លេសាប ដែលជាតំបន់សម្បូរទៅជីវៈចម្រុះ ដែលជាជង្រុកត្រីដ៏ធំនៅកម្ពុជា និងជម្រកសត្វស្លាបទឹក ព្រមទាំងព្រៃលិចទឹក ប្រកបដោយសោភណ្ឌភាព ស្រស់ត្រកាល បានកំពុងទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។
អភិបាលខេត្តសៀមរាប គូសបញ្ជាក់ថា ព្រៃលិចទឹកជាកត្តាសំខាន់សម្រាប់ពលរដ្ឋទាំងអស់គ្នា ដែលជាជម្រកត្រីពងកូន និងទីជម្រករកចំណីរបស់សត្វត្រី ព្រមទាំងជារនាំងបាំង នូវគ្រោះធម្មជាតិ របស់ប្រជាជនក្នុងឃុំកំពង់ភ្លុក រួមទាំងជាទីជម្រកស្នាក់អាស្រ័យរបស់សត្វស្លាបទឹកគ្រប់ប្រភេទ និងជាទីកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរណ៍ ដែលជាប្រភព ចំណូលរបស់បងប្អូនក្នុងឃុំកំពង់ភ្លុកនេះទៀតផង។ ដូច្នេះត្រូវចេះធ្វើការថែរក្សា ការពារសម្បត្តិធនធានធម្មជាតិទាំងនេះ ដែលជាផលប្រយោជន៍សម្រាប់កូនចៅខ្លួនទៅថ្ងៃអនាគត សំខាន់ទប់ស្កាត់ឲ្យបានចំពោះការកាប់រានទន្រ្ទាន យកដីធ្វើកម្មសិទ្ធ ការដុះបំផ្លាញព្រៃលិចទឹក ការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ និងការប្រើប្រាស់ថ្នាំពុល និងចាប់សត្វស្លាបជាដើម។
ក្នុងនោះលោកអភិបាលខេត្ត បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរស្រុក ឃុំ ត្រូវធ្វើការបញ្ចុះមន្ត្រីជំនាញមកធ្វើការ បណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ នូវបច្ចេកទេសធ្វើការដាំដុះដំណាំ បន្លែបង្កា ដើម្បីធ្វើការផ្គត់ផ្គង់ដល់ទីផ្សារនៅក្រុងសៀមរាប ក្នុងការបង្កើននូវមុខរបរដល់ពួកគាត់ នៅពេលរដូវទឹកសម្រក ក្នុងការរកចំណូលផ្គត់ផ្គង់ក្រុមគ្រួសារ ក្រៅពីការងារនេសាទ។
លោក ឃឹម ប៊ុនសុង បានឧបត្ថម្ភដល់បងប្អូនប្រតិបត្តិករទេសចរ ដែលសុទ្ធសឹងជាមេគ្រួសារ ក្នុងការបម្រើសេវាកម្មទេសចរណ៍ អ៊ុទូកដឹកភ្ញៀវទេសចរ នៅក្នុងសហគមន៍កំពង់ភ្លុក ប្រមាណ៨០នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល។
ឆ្លៀតក្នុងឱកាសនោះ លោកបានបន្តដំណើរចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ផ្លូវមួយខ្សែ តភ្ជាប់ពីឃុំរកា ទៅឃុំកំពង់ភ្លុក ដែលមានប្រវែង១៣គីឡូម៉ែត្រ ដែលជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលស្ថាបនាដោយក្រុមកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដោយបានធ្វើការស្ថាបនាក្នុង ជំហានទី១ និងទី២នេះ ក្នុងប្រវែង៣,៦០០ម៉ែត្រ និងធ្វើឲ្យបានរួចរាល់បានមុនទឹកទន្លេឡើងមកដល់ផងដែរ។
អភិបាលខេត្ត ធ្វើការកោតសរសើរពីកិច្ចខិតខំរបស់ក្រុមកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែនសៀមរាប ដែលបានខិតខំបំពេញភារកិច្ចក្នុងការស្ថាបនាផ្លូវនេះឡើង ជាការឆ្លើយតបទៅនឹងរាល់សំណូមពរ តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក ក៏ដូចស្រុកប្រាសាទបាគងទាំងមូល ក្នុងការដឹកជញ្ជូនដំណាំ កសិផល និងផលនេសាទ របស់ប្រជានេសាទ៕