(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងពិធីបិទសិក្ខាសាលាស្តីពីការរឹបអូស និងការចាត់ចែងទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នៅសណ្ឋាគារ កាំបូឌីយ៉ាណា នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានអង្គភាពកម្លាំងសមត្ថកិច្ច ស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធត្រូវរឹបអូស និងចាត់ចែងទ្រព្យសម្បត្តិដែលពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន ឲ្យត្រឹមត្រូវតាមច្បាប់ ដើម្បីចូលរួមចំណែកលើកស្ទួយប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានណែនាំ និងស្នើដល់ក្រសួង ស្ថាប័ន អាជ្ញាធរ អង្គភាពអនុវត្តច្បាប់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់នូវកិច្ចការមួយចំនួន រួមមាន៖
១៖ ចំពោះមន្រ្តីអនុវត្តច្បាប់៖ ជាមួយនឹងការប្តេជ្ញាចិត្តខិតខំបង្រ្កាបបទល្មើសគ្រឿងញៀនយ៉ាងសកម្ម សូមស្នើមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវប្រមូល និងរក្សាទុកឱ្យបានគង់វង្ស មិនត្រូវធ្វើឱ្យបាត់បង់នូវទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលបានចុះបង្រ្កាប ភ្លាមៗនោះឡើយ និងត្រូវធ្វើកំណត់ហេតុ ឬបញ្ជីសារពើភណ្ឌទ្រព្យដែលបានចាប់យកនោះឱ្យបានច្បាស់លាស់ ស្របតាមនីតិវិធីព្រហ្មទណ្ឌជាធរមាន ព្រមទាំងត្រូវតាមដានដើម្បីឈានទៅស្វែងរកទ្រព្យសម្បត្តិមុខសញ្ញា ដែលជាប្រភពនៃមូលនិធិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងធ្វើបញ្ជីមកអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការធ្វើឱ្យបាត់បង់ដោយប្រការណាមួយ ចំពោះទ្រព្យសម្បត្តិដែលត្រូវបានដកហូតក្នុងពេលបង្រ្កាប បទល្មើសគ្រឿងញៀន គឺជាការប្រព្រឹត្តខុសទៅនឹង ក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមិនត្រឹមតែប៉ះពាល់ដល់ភាពរឹងមាំ នៃការកសាងសំណុំរឿងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអាចឱ្យមន្រ្តីអនុវត្តច្បាប់ដែលប្រព្រឹត្តខុសច្បាប់ ត្រូវទទួលខុសត្រូវទាំងផ្នែកវិជ្ជាជីវៈ ទាំងចំពោះមុខច្បាប់ព្រហ្មទណ្ឌជាធរមានទៀតផង។
២៖ ចំពោះស្ថាប័នអយ្យការ៖ សូមស្នើសុំតំណាងអយ្យការ មេត្តាយកចិត្តទុកដាក់លើកិច្ចការមួយចំនួនដូចតទៅ៖
* ផ្តល់កិច្ចសហការឱ្យបានល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធនានា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ក៏ដូចជាការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលរឹបអូសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
* ជួយជំរុញដើម្បីពន្លឿនចំណាត់ការនីតិវិធី នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការរឹបអូសទ្រព្យសម្បត្តិដែលជាផលនៃបទលើ្មសគ្រឿងញៀនផងដែរ។
* តាមដាន និងយកចិត្តទុកដាក់ក្នុងការប្តឹងឧទ្ធរណ៍ ក្នុងករណីយល់ឃើញថា ការផ្តន្ទាទោសដោយតុលាការមិនបានតឹងរឹងសមស្របគ្រប់គ្រាន់។
៣៖ ចំពោះស្ថាប័នតុលាការ៖ សូមស្នើដល់អស់លោក លោកស្រី ជាចៅក្រមដែលទទួលដោះស្រាយសំណុំរឿងគ្រឿងញៀន ទាំងនៅសាលាជម្រះក្តីជាន់ខ្ពស់ ទាំងនៅសាលាជម្រះក្តីជាន់ទាប មេត្តាយកចិត្តទុកដាក់ដូចខាងក្រោម៖
* សូមបន្តអនុវត្តច្បាប់ឱ្យបានតឹងរឹង ម៉ឺងម៉ាត់ និងឆាប់រហ័សចំពោះសំណុំរឿងបទល្មើសគ្រឿងញៀន ស្របតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទប្បញ្ញត្តិផ្សេងទៀតជាធរមាន។(មន្ទីរពិសោធន៍)។
* សូមយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវឱ្យបានដល់ឫសគល់នៃទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេស ផលនៃបទល្មើសគ្រឿងញៀន ដើម្បីមានវិធានការបង្កក ឬឃាត់ទុកជាដើម។
* នៅក្នុងការសម្រេចសេចក្តី សូមមេត្តាយកចិត្តទុកដាក់ក្នុងការពិនិត្យ និងសម្រេចអំពីវត្ថុតាងដែលបានដកហូត ឃាត់ទុក ឬបង្កក ។
* សូមជួយពន្លឿននីតិវិធីក្នុងការចេញសេចក្តីសម្រេច នៅក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលរឹបអូសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន អាចបន្តនីតិវិធីហិរញ្ញវត្ថុក្នុងការចាត់ចែងទ្រព្យសម្បត្តិដែលរឹបអូស តាមអំណាចសាលក្រម ឬសាលដីកាស្ថាពរ បានទាន់ពេលវេលា ចៀសវាងការខូចខាត ឬការបាត់បង់តម្លៃសេដ្ឋកិច្ចនៃទ្រព្យសម្បត្តិទាំងនោះ។
* សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូង រៀបចំទុកដាក់វត្ថុតាង ដោយញែកដាច់ដោយឡែកពីគ្នា នូវវត្ថុតាងដែលមានសេចក្តីសម្រេចស្ថាពរ វត្ថុតាងមិន ទាន់មានសេចក្តីសម្រេចស្ថាពរ និងវត្ថុតាងដែលគ្មានសំណុំរឿង ឬគ្មានបុគ្គលទាមទារ និងបែងចែកតាមប្រភេទបទល្មើស ជាពិសេសវត្ថុតាងដែលពាក់ព័ន្ធនឹង បទល្មើសគ្រឿងញៀន នៅតាមឃ្លាំងរបស់ខ្លួន ឬអាចផ្ញើទុកនៅឃ្លាំងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងរៀបចំជាបញ្ជីឱ្យបាន ច្បាស់លាស់ផងដែរ។ (ក្រសួងកំពុងរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងវត្ថុតាង) ។
* ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ជាពិសេស ការគ្រប់គ្រងវត្ថុតាង ហើយទម្លាប់នៃការឱ្យស្ថាប័ននានា គួរគប្បីបញ្ឈប់ ហើយវត្ថុតាងដែលបានអនុញ្ញាតអោយធ្វើការខ្ចីប្រើកន្លងមក សូមធ្វើបញ្ជីឡើងវិញឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងការគ្រប់គ្រង។
៤៖ ចំពោះគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលរឹបអូសពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន៖ ស្នើរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ ដែលបានរឹបអូស និងកំណត់អាទិភាពក្នុងការចាត់ចែងទ្រព្យសម្បត្តិទាំងនោះឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញដំណើរការនីតិវិធីដេញថ្លៃទ្រព្យសម្បត្តិផងដែរ។
៥៖ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត៖ ស្នើឱ្យមានការផ្តល់កិច្ចសហការ និងសម្របសម្រួលល្អ នៅក្នុងការងារប្រមូល និងចាត់ចែងទ្រព្យសម្បត្តិពាក់ព័ន្ធ បទល្មើសគ្រឿងញៀនបានឆាប់រហ័សទាន់ពេលវេលា ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំ៕