(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ បានសហការជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរ កម្លាំងប្រដាប់អាវុធចូលរួមប្រមូលដុតកម្ទេចចោលនូវទំនិញគ្មានគុណភាពជិត៣តោន និងអំពាវនាវឲ្យក្រុមអាជីវករបញ្ឈប់ដាក់តាំងលក់ទំនិញគ្មានគុណភាព នាំឲ្យប៉ះពាល់សុខភាពអ្នកដ៏ទៃ ក៏ដូចសុខភាពខ្លួនយើងដែរ។
លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា ចំពោះបញ្ហាសុខភាព គឺជាកត្តាសំខាន់ខ្លាំងណាស់បើសុខភាពយើងទ្រុឌទ្រោម អាចបង្កឲ្យយើងជួបនូវបញ្ហា ជាច្រើនដល់ខ្លួន ដល់ក្រុមគ្រួសារ ដល់អ្នកដ៏ទៃខាតបង់ទ្រព្យសម្បត្តិ ការទទួលទានមុខទំនិញណាគ្មានគុណភាព ប្រឈមនឹងការប៉ះពាល់សុខភាព យើងម្តងបន្តិចៗ ដោយមិនបានដឹងខ្លួនមុន ហើយទំនិញគ្មានគុណភាពទាំងអស់នេះ មន្ត្រីជំនាញយើងបានប្រមូលពីក្រុមជីវករការទប់ស្កាត់ នៅមុខច្រកទ្វារ ដែលឈ្មួញខិលខូចលួចលាក់បន្លំតាមរទះ និងមធ្យោបាយផ្សេងៗ។
លោក សាន វិជ្ជាសារ៉ាវុធ បានបន្តថា ផលប៉ះពាល់ពីការប្រើប្រាស់មុខម្ហូបខូចគុណភាព ឬភេសជ្ជៈហួសកាលកំណត់ប្រើប្រាស់ នាំឲ្យសុខភាពអ្នកប្រើប្រាស់មានជំងឺផ្សេងៗ ដូចជា រាគរួស ក្អួតចង្អោរ ចុកពោះ និងអាចឈានដល់គ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនជាសង្គ្រោះមិនទាន់ពេលវេលា ដូច្នេះហើយ សូមអាជីវករពិសេសប្រជាពលរដ្ឋដែលទិញទំនិញជារាងរាល់ថ្ងៃ ត្រូវមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសអាហារមកទទួលទាន ឬតាំងលក់បន្តទៀត សូមឲ្យអាជីវករ ឬឈ្មួញនាំយកទំនិញមានគុណភាព យកមកដាក់តាំងលក់ជូនបងប្អូន ពលរដ្ឋយើងផងកុំគិតតែចំណេញដោយ មិនគិតពីសុខភាពអ្នកប្រើប្រាស់។
ទន្ទឹមនេះអាជីវករទាំងអស់មុន និងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេទ ថ្ងៃខែឆ្នាំផលិត និងក្រុមហ៊ុនផលិតឲ្យបានច្បាស់លាស់ដើម្បីចៀសវាងពេលមន្ត្រីកាំកុងត្រូល ចុះពិនិត្យឃើញហួសកាលកំណត់ ដកហូតដែលនាំឲ្យខាតបង់ថវិកាគ្រួសាររបស់បងប្អូន និងខាតបង់វេលាផងដែរ។
មន្ត្រីកាំកុងត្រូលសាខាខេត្តប៉ៃលិន បានបញ្ជាក់ថា ទំនិញគ្មានគុណភាពប្រមាណជា៣តោន ត្រូវបានប្រមូលមកដុតកម្ទេចចោលរួមមាន៖ ទឹកក្រូច ដបតូច ធំ ផុតកំណត់ថ្ងៃបរិច្ឆេទ ទឹកដោះគោជូ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ កម្ទេចមី កម្ទេចនំ ម្ស៉ៅស៊ុបរ៉តឌី ទឹកខ្មេះ មីកញ្ចប់តូចធំ ជាមុខទំនិញជាច្រើនទៀត៕