(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សេង ឡូត បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះថា ក្រសួងមិនបានដឹងអំពី ការពន្យារពេលរបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ក្នុងការសាងសង់អគារពាណិជ្ជកម្ម ដែលមាន១៣៣ជាន់ កំពស់៥៥០ម៉ែត្រ នៅឡើយទេ ខណៈគេដឹងថាកន្លងមក ក្រុមហ៊ុនបានប្រកាសថា នឹងចាប់ផ្ដើមសាងសង់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ តែដល់ថ្ងៃបែរជាស្ងាត់ជ្រាបទៅវិញ។
អ្នកនាំពាក្យដដែររូបនេះ បានបញ្ជាក់ទៀតថាជាធម្មតានៅពេលដែល ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ចេញលិខិតអនុញ្ញាត ឲ្យធ្វើការសាងសង់ ហើយមិនបានធ្វើសកម្មភាពសាងសង់អ្វីនោះ ពួកគេអាចធ្វើការសុំពន្យារពេល បានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។ ក្រសួង មានគោលការជំរុញឲ្យក្រុមហ៊ុន ធ្វើការសាងសង់ទៅតាមលិខិតអនុញ្ញាត និងដើម្បីបង្កើនសោភណ្ឌភាពទីក្រុងភ្នំពេញ ហើយក្រសួង មិនចង់ឃើញគម្រោង ដែលទទួលបានការអនុញ្ញាតហើយ មិនមានសកម្មភាពសាងសង់ឡើយ។
លោក សេង ឡូត បានបញ្ជាក់ថា «ខ្ញុំអត់បានដឹងពីការពន្យារពេលរបស់គម្រោង សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះ កំពស់១៣៣ជាន់នោះឡើយ ខ្ញុំគ្រាន់តែបញ្ជាក់ថា ក្រសួងបានចេញលិខិតអនុញ្ញាតរួចហើយ»។
គម្រោងអគារពាណិជ្ជកម្មភ្លោះកម្ពស់ជាង៥០០ម៉ែត្រ ដែលជាការវិនិយោគរួមគ្នា របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និងក្រុមហ៊ុនចិនបានចុះកិច្ច ព្រមព្រៀង កាលពីខែមិនា ឆ្នាំ២០១៦ ដែលនឹងត្រូវសាងសង់លើផ្ទៃដីជិត៦ហិកតា ស្ថិតនៅអតីតសួនកម្សាន្ត Dream Land និងបានអះអាង ថា នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៦ ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់បានឃើញក្រុមហ៊ុន ធ្វើការសាងសង់អ្វីឡើយ ពោលគឺបានត្រឹមតែព័ទ្ធរបងជុំវិញផ្ទៃដី ដែលនឹងត្រូវសាងសង់ប៉ុណ្ណោះ។
យ៉ាងណាបើតាមលោកសាស្ត្រាចារ្យ ទួស សាភឿន អ្នកគ្រប់គ្រងនិងជាស្ថាបត្យករ ដែលចូលរួមគម្រោងប្លង់នេះ បានប្រាប់ព័ត៌មានក្នុងស្រុកមួយថា គម្រោងអគារពាណិជ្ជកម្ម ដែលវិនិយោគទឹកបា្រក់ ជាង២ពាន់លានដុល្លារនេះ ត្រូវបានពន្យារពេលដោយសារត្រូវការកែលម្អប្លង់ ឲ្យកាន់តែប្រសើរឡើងថែមទៀត ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់ថា នឹងត្រូវចាប់ផ្តើមសាងសង់ នៅពេលណានោះទេ។
សូមបញ្ជាក់ថា ទីតាំងដីគម្រោងសាងសង់ខាងលើនេះ គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ក្នុងចំណោមដីរាប់សិបកន្លែងទៀតដែល កន្លងមកគេដឹងជាទូទៅថា គឺគ្រប់គ្រងដោយអ្នកឧកញ៉ា ថេង ប៊ុនម៉ា។ ប៉ុន្តែក្រោយមក អ្នកឧកញ៉ា ថេង ប៊ុនម៉ា ធ្លាក់ខ្លួនឈឺ មិនអាចដើរ និងនិយាយកើត ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និងទ្រព្យសម្បត្តិជាច្រើនរបស់គាត់ ត្រូវបានគ្រប់គ្រង ដោយលោកឧកញ៉ា ខូវ សម្បត្តិ ហៅ ម៉េង ស្រេង ដែលជាកូនប្រុសច្បង ហើយក៏លេចឮថា កើតមានទំនាស់ដណ្ដើមកេរ ក្នុងចំណោមបងប្អូនបង្កើតនឹងគ្នាទៀតផង។
បច្ចុប្បន្ន ទំនាស់ដណ្ដើមកេរ នៅក្នុងចំណោមកូនៗ របស់សពអ្នកឧកញ៉ា ថេង ប៊ុនម៉ា នេះ គឺនៅមិនទាន់បានដោះស្រាយបញ្ចប់ នៅឡើយនោះទេ នេះបើយោងតាមកូនរបស់ សពអ្នកឧកញ៉ា ថេង ប៊ុនម៉ា ម្នាក់ដែលធ្លាប់ទម្លាយរឿងទំណាស់នេះ ប្រាប់អង្គភាពព័ត៌មាន Fresh News នាពេលកន្លងទៅថ្មីៗនេះ។ គេក៏មិនបានដឹងថាការពន្យារពេល សាងសង់ខាងលើ តើមានពាក់ព័ន្ធទៅនឹងជម្លោះផ្ទៃក្នុងគ្រួសារ ក្នុងរឿងដណ្ដើមកេរនេះឬយ៉ាងណានោះទេ?ខណៈឧកញ៉ា ខូវ សម្បត្តិ ក៏ដូចខាងក្រុមហ៊ុនសាងសង់ អង្គភាពសារព័ត៌មាន Fresh News មិនអាចទាក់ទងដើម្បីសុំការពន្យល់បាននោះទេ៕