(កណ្ដាល)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ក្រសួងសង្គមកិច្ច នឹងផ្ទេរជនវិកលចរិកមួយចំនួនពីមណ្ឌលព្រៃស្ពឺ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌពោធិ៍សែនជ័យ មកស្នាក់នៅក្នុងមណ្ឌលថ្មីស្ថិតនៅក្នុងឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលវិញ ដែលមានឈ្មោះថា «មណ្ឌលថែទាំ និងព្យាបាលជនវិកលចរិក» ដើម្បីទទួលបានការថែទាំ និងព្យាបាលឲ្យកាន់តែល្អប្រសើរ និងហ្មត់ចត់ជាងមុន ក្រោយមណ្ឌលថ្មីនេះសាងសង់ និងរៀបចំរួចរាល់។
លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យសំណង់មណ្ឌលថែទាំ និងព្យាបាលជនវិកលចរិ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ក្រោយពីមានការគាំទ្រដោយ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យលោករដ្ឋមន្រ្តីចាត់ចែងរៀបចំមណ្ឌលថែទាំ និងព្យាបាលនេះឲ្យបានសមរម្យ។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា តាមគម្រោងផែនការសំណង់អគារ ដែលត្រូវសាងសង់នៅក្នុងមណ្ឌលនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ២០១៨។ ក្រោយពីសាងសង់អគារ និងរៀបចំទីកន្លែងរួចហើយនោះ ក្រសួងនឹងផ្ទេរជនវិកលចរិកមួយចំនួនពីមណ្ឌលព្រៃស្ពឺ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌពោធិ៍សែនជ័យ មកស្នាក់នៅក្នុងមណ្ឌលនេះវិញ ដើម្បីទទួលបានការថែទាំ និងព្យាបាលឲ្យមានភាពកាន់តែប្រសើរ និងហ្មត់ចត់ថែមទៀត។ ដោយឡែកនៅមណ្ឌលព្រៃស្ពឺ ក្រសួងនឹងរៀបចំជាមណ្ឌលមួយឲ្យបានស្អាត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីមើលថែទាំជនអនាថាទូទៅ។
មណ្ឌលនេះមានផ្ទៃដីប្រមាណ ៣ហិចតា ហើយដោយសារនៅកន្លែងនេះជាកន្លែងចាស់សល់ពីមុន ដូចនេះ លោកបានឲ្យក្រុមបច្ចេកទេសត្រួតពិនិត្យថា តើអគារណាអាចធ្វើការជួសជុលបាន ហើយអគារណាដែលមិនអាចជួសជុលបានយើងនឹងរើចេញដើម្បីធ្វើថ្មី ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានជួយសាងសង់អគារមួយខ្នង ដែលកំពុងដំណើរការសាងសង់ផងដែរ។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា ការរៀបចំមណ្ឌលថែទាំ និងព្យាបាលនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងដំណាក់កាលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើគ្រប់វិស័យ ក្នុងនោះកន្លែងគ្រប់គ្រងថែទាំ និងព្យាបាលជនវិកលចរិក មិនទាន់មានកន្លែងត្រឹមត្រូវ។
លោក វង សូត បានឲ្យដឹងថា ក្រៅពីការសាងសង់អគារស្នាក់នៅ និងការរៀបចំទីកន្លែងនេះ ទៅជាមណ្ឌលមួយមានលក្ខណៈល្អត្រឹមត្រូវសមរម្យ ស្របទៅតាមការរីកចម្រើនរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ន ហើយលោកក៏បានរៀបចំនៅក្នុងមណ្ឌលនេះ ឲ្យមានជាសួនកីឡា ដើម្បីជាផ្នែកមួយរួមចំណែកដល់ការព្យាបាលឲ្យជនវិកលចរិកឆាប់ជាសះស្បើយ និងជាកន្លែងបំប៉នសុខភាពផងដែរ៕