(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយប្តឹងប្រជាជនទាំង៧៩គ្រូសារ ទៅតុលាការ និងចេញដីកាកោះហៅប្រជាពលរដ្ឋទាំងនោះ មកសាកសួរ។
លោក ឡាយ វណ្ណៈ ថ្លែងបែបនេះនៅក្នុងពិធីទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ ដោយមានការចូលរួម ពីមន្ត្រីគ្រប់លំដាប់ថ្នាក់នៅជុំវិញខេត្តក្រុងជាច្រើននាក់ផងដែរ។
លោកអភិបាលខេត្តបានថ្លែងថា ប្រជាពលរដ្ឋប្រមាណ៧៩គ្រូសារ ដែលសមត្ថកិច្ចស្រុកគីរីវង់ បានកំណត់មុខសញ្ញាថា ជាអ្នកដាំកញ្ឆានៅតាមជើងភ្នំបាយ៉ង់កោ និងត្រូវប្រឈមមុខចំពោះមុខច្បាប់ពាក់ព័ន្ធ ទៅការដាំកញ្ឆាខុសច្បាប់នេះ។
លោក ឡាយ វណ្ណៈ បានបន្តថា មន្រ្តីសាលាខេត្តត្រូវចេញសេចក្ដីប្រកាសមួយជូនដំណឹង ទៅប្រជាពលរដ្ឋណាម្នាក់យកដីទៅដាំកញ្ឆា ឬជួលដីឲ្យ គេដាំកញ្ឆាអាចប្រឈមមុខ នឹងការរឹបអូសដីធ្លីទាំងអស់នោះមកធ្វើជាសម្បត្តិរដ្ឋ ហើយបើម្ចាស់ដីដែលណាជួលដីត្រូវប្រឈមចំពោះមុខច្បាប់ នឹងនៅតែរឹងរូសដាំតទៅទៀត ត្រូវតែប្រើធម៌ក្តៅឲ្យខាងតែបាន តាមផ្លូវច្បាប់។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ៗថា «បើអាជ្ញាធមិនចាត់វិធានការណ៍ក្ដៅ ប្រជាពលរដ្ឋទាំងនោះ នឹងមានរាងចាលទេ! ព្រោះគ្រាន់តែ៦ខែកន្លងមកនេះ សមត្ថកិច្ចបានចុះកាប់ដើមកញ្ឆាប្រមាណ២សែនដើម នៅជើងភ្នំបាយ៉ង់កោស្រុកគីរីវង់»៕