(ភ្នំពេញ)៖​ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ ត្រូវបានប្រកាសផ្លាស់ប្ដូរជាផ្លូវការ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ ដោយសម្រេចផ្ទេរភារកិច្ចលោក គង់ ធែល ដែលជាប្រធានផ្សារបច្ចុប្បន្ន ឲ្យទៅជាអនុប្រធានផ្សារទួលទំពូង ដោយឡែកលោក គួច ចំណាន ដែលបច្ចុប្បន្នជាអនុប្រធានផ្សារ ច្បារអំពៅ។

ការផ្លាស់ប្ដូរជាផ្លូវការត្រូវបានធ្វើឡើង ក្រោមការចូលរួមពីលោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌ ព្រមទាំងមន្ដ្រីពាក់ព័ន្ធមួយ ចំនួនទៀត បន្ទាប់ពីសេចក្ដីសម្រេចស្ដីពីការសម្រួកភារកិច្ច គណៈកម្មការផ្សារច្បារអំពៅ បានធ្វើឡើងពីសំណាក់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧។

ក្នុងឱកាសនេះ លោក ចេង មុនីរ៉ា ជាអភិបាលខណ្ឌថ្មី បានណែនាំ និងផ្ដាំផ្ញើរឲ្យប្រធានផ្សារបច្ចុប្បន្ន ត្រូវពង្រឹងបញ្ហាសន្ដិសុខនៅក្នុងផ្សារ ជូនអាជីវករ និងប្រជាពលរដ្ឋ ដូចជាករណីចោរលូកហោប៉ៅ និងគាស់តូចលក់ដូរជាដើម៕