(សៀមរាប)៖ យោងតាមតួលេខផ្លូវការ របស់គ្រឹះស្ថានអង្គរ ដែលបានស្ថាប័នគ្រប់គ្រងលើការលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០១៧ គិតចាប់ពី ខែមករា រហូលដល់ខែកក្កដា ឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរដែលទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១,៤១៥,៧៦៩នាក់ កើនឡើង១២.៣៤ភាគរយ បើប្រៀធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។
តាមតួលេខបានបញ្ជាក់ទៀតថា ចំណូលដែលប្រមូលបាន ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧នេះ មានចំនួន ៦០,៣៩១,៦៥៦ដុល្លារ កើនឡើង៦៨.៣៣ភាគរយ នេះបើធៀបនឹងឆ្នាំ២០១៦។
យោងតាមតួលេខនេះបញ្ជាក់ថា ភ្ញៀវទេសចរនៅតែសម្រុក មកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើង ខណៈចំណូលក៏ទទួល បានកាន់តែកើនឡើងផងដែរ។
ដោយឡែក បើគិតក្នុងរយៈពេលពេញ១ខែកក្កដា ឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរទិញប័ណ្ណចូលទស្សនារមនីយដ្ឋានអង្គរមានចំនួន ១៨២,៦៣២នាក់ កើនឡើងចំនួន៨.៥៧ភាគរយ និងទទួលបានចំណូល៨,២២៣,៦៨៤ដុល្លារ កើនឡើង៧៨.៥៧ភាគរយនេះបើធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។
សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕