(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងបើកល្បែងជល់មាន់ដ៏ធំមួយកន្លែង ស្ថិតនៅភូមិបក់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការអាវុធហត្ថខេត្ត ដែលដឹកនាំប្រតិបត្តិការនេះ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដាម្សិលមិញ ក្រោយបានទទួលបញ្ជាភ្លាមពីលោកអភិបាលខេត្ត។
បើតាមលោកឧត្តមសេនីយ៍ មេបញ្ជាការ ក្នុងការបង្ក្រាបនេះកងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធស្រុកស្ទឹងត្រង់ ដោយក្នុងនោះឃាត់បានមនុស្ស២នាក់ ម៉ូតូ៣០គ្រឿង ជាលចំនួន២ ជញ្ជីងថ្លឹងមាន់ចំនួន១ និងមាន់២ក្បាលផងដែរ។ ដោយឡែកម៉ូតូ៣០គ្រឿងនោះ ត្រូវបានយកទៅរក្សាទុកនៅសាលាស្រុក ហើយរង់ចាំម្ចាស់ម៉ូតូចូលមកសុំម៉ូតូយកទៅវិញ។
បច្ចុប្បន្នមនុស្ស២នាក់ដែលបានឃាត់ខ្លួន កម្លាំងអាវុធហត្ថជំនាញកំពុងចាត់ការតាមនីតិវិធី៕