ក្រសួងធនធានទឹក៖ ទឹកជំនន់ទន្លេមេគង្គលើបន្តស្រកចុះ ប៉ុន្ដែទឹកជំនន់ទន្លេមេគង្គក្រោម នឹងបន្តកើនឡើង សូមបងប្អូនរស់នៅតាមដងទន្លេនានា ពិសេសទន្លេបាសាក់ បង្កើនការប្រុងប្រយ័ត្ន !
01-08-2017 14:04
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គលើ បានបន្ដស្រកចុះ ប៉ុន្ដែទឹកជំនន់ទន្លេមេគង្គក្រោម នឹងបន្តកើនឡើង នៅក្នុងរយៈពេល២ ទៅ៣ ថ្ងៃទៀត។
បើតាមសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកជំនន់ទន្លេ របស់ក្រសួងធនធានទឹក នៅថ្ងៃនេះ បានឲ្យដឹងថា «បន្ទាប់ពីបានសង្កេត តាមដាន លើស្ថានភាពអាកាសធាតុ និងទឹកជំនន់រួចមកឃើញថា ទឹកជំនន់ទន្លេមេគង្គលើ បានស្រកចុះ និងបន្តស្រកចុះជាបន្តបន្ទាប់ ប៉ុន្ដែទឹកជំនន់ទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប នឹងបន្តកើនឡើងសន្សឹមៗ ក្នុងរយៈពេល២ ទៅ៣ថ្ងៃទៀត»។
ជាមួយគ្នានោះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនានា ពិសេសទន្លេបាសាក់ និងអ្នកធ្វើដំណើរតាមជលយានគ្រប់ប្រភេទ បង្កើនការប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕