Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញារង សៀង សុខ បញ្ជាឲ្យសមត្ថកិច្ចចុះបិទក្រុមហ៊ុន «ខ្មែរស៊ឺវីស» នៅខណ្ឌដង្កោ សង្ស័យកេងប្រវ័ញកម្លាំង​ពលកម្មខុសច្បាប់ ឬនាំពលករខុសច្បាប់ទៅក្រៅប្រទេស​ (Video inside)

01-08-2017 12:48

(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក សៀង សុខ នៅវេលាថ្ងៃត្រង់ទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានចុះទៅបិទទីតាំងក្រុមហ៊ុនមួយដែលមានយីហោ «ខ្មែរស៊ឺវីស» ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយពីមានពាក្យបណ្ដឹង និងសង្ស័យ ពាក់ព័ន្ធការកេងប្រវ័ញពលកម្មខុសច្បាប់ ឬនាំពលករខុសច្បាប់ទៅកាន់ក្រៅប្រទេស។

លោកឧត្តមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការចុះមកត្រួតពិនិត្យទីតាំងមួយនេះ បន្ទាប់ពីនគរបាលរបស់លោក ទទួលបានពាក្យបណ្ដឹង ពីពលករ៣នាក់ដែលត្រូវបានក្រុមហ៊ុននេះជ្រើសរើស ហើយប្រគល់ជូនក្រុមហ៊ុនមួយទៀត ដែលលោកមិនទាន់បញ្ចេញឈ្មោះ និងកំពុងធ្វើការស្រាវជ្រាវបន្ដទៀត។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការដែលមានការអនុញ្ញាតិពីព្រះរាជអាជ្ញារង សៀង សុខ និងមានការចូលរួមពីនគរបាលរាជធានីភ្នំពេញ នគរបាលមូលដ្ឋាន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស៣នាក់ ទី១៖ ឈ្មោះ សោ ស្រង់ អាយុ២៨ឆ្នាំ, ទី២៖ ឈ្មោះ សោ ថេន អាយុ២៧ឆ្នាំ និងទី៣៖ ឈ្មោះ តាំង អ៊ីវងី អាយុ៥៦ឆ្នាំ ដើម្បីយកទៅសួរនាំបន្ដចាត់វិធានការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ ជីវ ផល្លី ក៏បានបញ្ជាក់ផងដែរថា ទីតាំងមួយ​នេះហាក់មិនមែនជាក្រុមហ៊ុននោះឡើយ ដោយសារតែពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ ក្នុងការបើកអាជីវកម្ម​នោះទេ៕ ​