(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសហ្វីលីពីន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។
កិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅប្រទេសហ្វីលីពីន រួមមានដូចជា៖
- កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
- ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយ តំណាងគណៈកម្មការអន្តរជាតិរដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស
- កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥០
- សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស
- កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក៣លើកទី១៨
- កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៧
- វេទិកាតំបន់អាស៊ានលើកទី២៤
- ពិធីអបអរសាទរទិវាអាស៊ាន ខួបលើកទី៥០។
តាមការប្រកាសរបស់ក្រសួងការបរទេស ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន កិច្ចប្រជុំ «សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកសាធារណរដ្ឋកូរ៉េ» ជាមួយ លោកស្រី កាង ឃ្យូងវ៉ា រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋកូរ៉េ។
នៅអំឡុងស្នាក់នៅប្រទេសហ្វីលីពីន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រួមទាំងរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានដទៃទៀត នឹងជួបសម្តែងការគួរសមជាមួយ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតី នៃប្រទេសហ្វីលីពីនផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសលម្អិតរបស់ក្រសួងការបរទេស៖