(កោះកុង)៖ អ្នកញៀនល្បែងអាប៉ោង១៦នាក់ ដែលជួលបន្ទប់ផ្ទះសំណាក់ «តារាថ្មី»លេងនោះ ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប ដោយឃាត់ខ្លួនបានមនុស្ស១៦នាក់ ក្នុងនោះស្រីម្នាក់ និងថ្នាំញៀន៦កញ្ចប់។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
លោក ឃឹម សាណេ ស្នងការរងខេត្តកោះកុង ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ការបង្ក្រាបនេះបានធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ស្នងការខេត្ត និងស្ថិតក្រោមការសម្របសម្រួលពី លោក អ៊ីវ ត្រាយ ព្រះរាជ្ញារងសាលាដំបូងខេត្ត។
ស្នងការការរងបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះនគរបាលឃាត់ខ្លួនមនុស្សចំនួន១៦នាក់ ក្នុងនោះស្រីម្នាក់ ហើយជំនាញបានឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ៦កញ្ចប់។
បើតាមស្នងការរងរូបនេះ ចំពោះម្ចាស់ផ្ទះសំណាក់មិនបានធ្វើការឃាត់ខ្លួនទេ ពីព្រោះម្ចាស់ទីតាំងអត់បានដឹងទេ ដោយដឹងតែថាគេជួលបន្ទប់ស្នាក់នៅដូចភ្ញៀវធម្មតា តែការលេងល្បែងស៊ីសងគាត់មិនឲ្យលេងទេ។ បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង១៦នាក់នេះ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីចាត់ការបន្ដ៕