Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបរថយន្ដសាំយ៉ុងដឹកឈើ គ្មានច្បាប់ចំនួន៥គ្រឿងទៀតហើយ នៅស្រុកចិត្របុរី

01-08-2017 11:32

(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឃាត់រថយន្ដសាំយ៉ុងដឹកឈើអារ គ្មានច្បាប់អនុញ្ញាត ពីរដ្ឋបាលព្រៃឈើចំនួន៥គ្រឿង នៅចំណុចហាងបាយយីហោ «អូននាង» ស្ថិតនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧។

ភ្នាក់ងារ Fresh News ប្រចាំខេត្តក្រចេះបានរាយការណ៍ថា កម្លាំងចម្រុះដែលចូលរួមបង្ក្រាប នោះរួមមាន៖ នគរបាលខេត្តជំនាញរដ្ឋបាល ព្រៃឈើថ្មក្រែ អាវុធហត្ថ ស្រុកចិត្របុរី អាវុធហត្តខេត្ត និងយោធាខេត្ត ដោយបានរួមសហការឃាត់រថយន្ដសាំយ៉ុងទាំង៥គ្រឿងដឹកឈើ គ្មានច្បាប់អនុញ្ញាត ដែលតែងតែបើកបរបង្កភាពភ័យខ្លាច ដល់ពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ព្រោះរថយន្ដដឹកឈើទាំងនោះបើកបរក្នុង ល្បឿនយ៉ាងលឿន។

មន្រ្តីយោធាបានឲ្យដឹងថា ឈើដែលកម្លាំងចម្រុះឃាត់បាននោះជាប្រភេទឈើ​ លេខ១ លេខ២ លេខ៣​ ហើយរថយន្ដទាំង៥គ្រឿងនោះ ត្រូវកម្លាំងចម្រុះប្រដេញតាមចាប់តាំងពីស្រុកសំបូរ រហូតដល់ស្រុកចិត្របុរី ទើបឃាត់រថយន្ដទាំងនោះបានចំនួន៤គ្រឿង។ ដោយឡែក រថយន្ដ១គ្រឿងទៀត ត្រូវកម្លាំងចម្រុះឃាត់នៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត កាលពីយបថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។

លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា កម្លាំងកំពុងធ្វើការវាស់វែង មិនទាន់ដឹងចំនួនម៉ែត្រគូបទេ ហើយឈើ និងរថយន្ដទាំងនោះ ត្រូវកម្លាំងរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សាដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានឃាត់រថយន្ដសាំយ៉ុងដឹកឈើអារគ្មានច្បាប់អនុញ្ញាត ពីរដ្ឋបាលព្រៃឈើចំនួន៦គ្រឿង នៅចំណុចស្ពានព្រែឬស ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ៕