(តាកែវ)៖ មន្ត្រីបសុពេទ្យតូចតាចនៅខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ច្រករបៀងព្រំដែនតាកែវចំនួន៣ក្នុងនោះ ក៏មានច្រករបៀងទម្លាប់ផងដែរ គឺជាច្រកដែលមានអំណោយផលល្អបំផុត សម្រាប់ឈ្មួញនាំជ្រូកពីប្រទេសវៀតណាម ចូលកាន់ទីផ្សារ ប្រទេសកម្ពុជា ដោយគេដឹកជញ្ជូនតាមរថយន្តកូរ៉េក្នុងមួយយប់ៗ រាប់សិបរថយន្តមិនតិចជាង៣០០០ក្បាលនោះទេ ក្នុង១យប់ៗ។
ជ្រូកទាំងនេះខ្លះឆ្លងដែនស្របច្បាប់ និងខ្លះទៀតមិនស្របច្បាប់នោះឡើយ ហើយមន្រ្តីជំនាញចុះទៅពីក្រសួងស្ទាក់ ចាប់ចំពោះការ សង្ស័យថា មិនស្របច្បាប់នោះ ស្រាប់តែឈ្មួញមានលិខិតផ្សេងមួយទៀត ដែលចេញដោយមន្ទីរកសិកម្មខេត្តតាកែវបញ្ជាក់ថា ជាជ្រូកក្នុងស្រុក។
បើតាមមន្រ្តីបសុសត្វខាងលើនេះ បានលួចបន្តទៀតថា វៀតណាមគេមានកន្លែងស្តុកសត្វជ្រូកដ៏ធំ នៅក្បែរព្រំដែន តាមច្រកនីមួយៗ រួចហើយគេដឹកជញ្ជូនតាមរថយន្ត កូរ៉េក្នុង១រថយន្តមិនលើសពី៦០ក្បាលនោះទេ ក្នុងមួយយប់ៗ ឈ្មួញដឹកជញ្ជូនរាប់សិបរថយន្តមិន តិចជាង៣០០០ក្បាលនោះទេ គេដឹកទៅកាន់គ្រប់ផ្សារទាំងអស់ក្នុង ប្រទេសកម្ពុជា និងដឹកចូលមកកាន់ក្រុងភ្នំពេញផងដែរ។ លិខិត១ គេអាចដឹកបានរហូតដល់ទៅ២ជើង ដោយរថយន្ត២គ្រឿង ប្រើស្លាកលេខតែ១ ជាពិសេសនោះ គេកាន់លិខិតរហូតដល់ទៅ២លិខិត ដែលលិខិត១ច្បាប់ ចេញដោយក្រសួង និង១ច្បាប់ទៀត ចេញដោយមន្ទីរកសិកម្មខេត្តតាកែវ បញ្ជាក់ថា ជាសត្វជ្រូកក្នុងស្រុក តែធាតុពិត ជាជ្រូកនាំចូលពីប្រទេសវៀតណាមទាំងអស់។
បើតាមមន្រ្តីរូបនេះ ដោយសារតែឈ្មួញមានទំនាក់ទំនងល្អជាមួយច្រក និងមន្ទីរកសិកម្មខេត្តទើបបច្ចុប្បន្ននេះ ច្រកតាកែវក្លាយជាច្រក ដ៏មានអំណោយផលបំផុត សម្រាប់ក្រុមឈ្មួញនាំជ្រូកចូលមកកាន់ទីផ្សារនានាក្នុងប្រទេសកម្ពុជា។
មន្ត្រីបសុពេទ្យខេត្តកណ្តាល ក៏បានឲ្យដឹងដែរថា សត្វជ្រូកបច្ចុប្បន្នសម្រុកនាំចូលតាមច្រករបៀងខេត្តតាកែវ រួចដឹកចូលមកកាន់ទីផ្សារ ខេត្តកណ្តាល គេដឹកតាមរថយន្តធុនមធ្យម ជាក់ស្តែងកាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោក ដូ ណារិន ប្រធានការិយាល័យ ផលិតកម្មសត្វ និងបសុពេទ្យ នៃមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទខេត្តកណ្តាល បានដឹកនាំកម្លាំងមន្ត្រីរបស់ខ្លួនល្បាត ក្នុងភូមិសាស្ត្រនៃ ទឹកដីខេត្តកណ្តាល ក៏ប្រទះឃើញរថយន្តដឹកសត្វជ្រូកមួយគ្រឿង បង្កប់សត្វជ្រូកខុសច្បាប់១០ក្បាល ដែលក្នុងលិខិត អនុញ្ញាតឲ្យនាំចូលមានត្រឹមតែ៤០ក្បាល ហើយជ្រូកនៅលើរថយន្តនោះមានរហូតដល់ ទៅ៥០ក្បាលឯណោះ។
បើតាមមន្រ្តីបសុសត្វខេត្តកណ្តាល នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ម្ចាស់ក្រុមហ៊ុនឈ្មោះ ហេង សុខេង រួចលោកបានឃាត់នាំយកទៅផាកពិន័យ ទៅតាមផ្លូវច្បាប់ផងដែរ។
ប្រជាពលរដ្ឋមួយចំនួន នៅខេត្តកណ្តាល ជាបរិភោគសាច់ជ្រូកបាននិយាយថា សត្វជ្រូកនៅប្រទេសវៀតណាម ពួកគាត់ធ្លាប់ឃើញ តាមរយៈការផ្សព្វផ្សាយព័ត៌មានថា មានផ្ទុះជំងឺផ្សេងៗគួរឲ្យភ័យខ្លាចបំផុត ហើយខាងប្រទេសវៀតណាមគេ យកទៅកំទេចចោល ចុះយ៉ាងម៉េចបានជាមានការឲ្យនាំជ្រូកចូលដោយគ្មានការអនុញ្ញាត ត្រឹមត្រូវបែបនេះ ចុះពួកគាត់អ្នកហូបសាច់ប្រឈម និងអ្វីខ្លះទៅ ថ្ងៃក្រោយ ជាពិសេសកូនៗរបស់ពួកគាត់ដែលគេនៅវ័យក្មេងខ្ចីនោះ។
អ្នកចិញ្ចឹមជ្រូកក្នុងស្រុកបានត្អូញត្អែរពីរបរចិញ្ចឹមជ្រូករបស់ពួកគាត់ ដោយខាតបង់ក្នុង១ឆ្នាំៗរាប់លានរៀល ជំពាក់ធនាគារខ្លះរហូត រត់ចោលកសិដ្ឋាន ព្រោះតែលំហូរនាំជ្រូក ចូលពីប្រទេសជិតខាង ធ្វើឲ្យតម្លៃជ្រូក ក្នុងធ្លាក់ចុះជាគំហុក ទោះបីជាលក់ក្នុងតម្លៃក៏គ្មាន អ្នកទិញដែរ។
ពួកគាត់ឆ្ងល់ថា តើក្រសួងចង់ឲ្យអ្នកចិញ្ចឹមក្នុងស្រុករស់ ឬមួយក៏ចង់ឲ្យអ្នកចិញ្ចឹមនៅប្រទេសជិតខាងរស់ បានជាមិនធ្វើការត្រួតពិនិត្យ ចំពោះមន្ត្រីខិលខូចទាំងនោះសោះ។ ពាក់ព័ន្ធនិងការលើកឡើងខាងលើនោះភ្នាក់ងារ Fresh News នៅថ្ងៃនេះ មិនអាចធ្វើការទំនាក់ទំនង ជាមួយលោកប្រធានមន្ទីរខេត្តតាកែវបានទេ ព្រោះគ្មានលេខទូរស័ព្ទ៕