(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅសាលាកំបូល បាននិងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ និងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញចូលរួមផងដែរ។
ឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូល បានឡើងរាយការណ៍ជម្រាបជូនក្នុងអង្គពិធីថា ដោយអនុវត្តតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសលេខ២៤/២០១៧ ផ.ក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ សាលាកំបូលបានទំនាក់ទំនងជាមួយបណ្តាជំនាញផ្សេងៗ ដើម្បីប្រុងប្រៀបរៀបចំការរៀនសូត្រឱ្យបានតាមផែនការកំណត់។
ឧត្តមសេនីយ៍ទោ នាយកសាលាបានបញ្ជាក់ថា កម្មវិធីសិក្សានេះ មានរយៈពេលសរុបចំនួន៥ខែ ចាប់ផ្តើមពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ក្នុងនោញរួមមាន រៀនសូត្រជាក់ស្តែងចំនួន១០០ថ្ងៃ ស្មើនឹង៦០០ម៉ោង។ ខ្លឹមសារមេរៀន មុខវិជ្ជាច្បាប់ មុខវិជ្ជាកងរាជអាវុធហត្ថ មុខវិជ្ជាវិទ្យាសាស្ត្រសង្គម ទស្សនកិច្ចសិក្សា និងអប់រំចិត្តសាស្ត្រនយោបាយ។
វគ្គនេះមានសិក្ខាកាមចំនួន៨២នាក់ ដែលជានាយទាហាននៃកងរាជអាវុធហត្ថ បានប្រឡងជាប់ចូលរៀនក្នុងចំណោមបេក្ខជនចំនួន១៣៨នាក់។