(ជីណាន, សានទុង, ចិន)៖ តំបន់ទេសចរណ៍ទឹកផុស ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងទីក្រុងជីណាន ខេត្តសានទុង ប្រទេសចិន ដោយអាចទាក់ទាញភ្ញៀវទេសចរណ៍រហូតដល់ ៦ម៉ឺននាក់ក្នុងមួយថ្ងៃ។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងដំណើរទស្សនកិច្ចនៅក្នុងទីក្រុងជីណាន ខេត្តសានទុង អ្នកព័ត៌មានកម្ពុជា ក៏ត្រូវបានអញ្ជើញឲ្យទៅទស្សនានៅតំបន់រមណីយដ្ឋានទឹកផុសនេះផងដែរ។ តំបន់រមណីយដ្ឋានទឹកផុសមានផ្ទៃដីរហូតដល់ទៅ ១០ហិកតាកន្លះ ហើយមានទឹកផុសចំនួន ៧ទីតាំង។
តាមមគ្គុទ្ទេសក៍នៅរមណីយដ្ឋានទឹកផុសនេះ បានបញ្ជាក់ថា ទឹកផុស ទាំង ៧ទីតាំងនេះ គឺកើតឡើងដោយធម្មជាតិ មិនមានការកែច្នៃនោះឡើយ ហើយនៅក្នុងអតីតកាលមានស្តេចរបស់ចិន ជាច្រើនអង្គធ្លាប់បានទស្សនានៅតំបន់ទេសចរណ៍ទឹកផុសនេះផងដែរ។
ក្រៅពីមានទឹកផុស ដែលកកើតពីធម្មជាតិហើយនោះ នៅតំបន់រមណីយដ្ឋាននេះ ក៏មានការរៀបចំកន្លែងសម្រាប់អង្គុយលេងកម្សាន្ត និង ដាក់ចិញ្ចឹមត្រី និងសត្វភេ ដើម្បីជាការទាក់ទាញអ្នកទេសចរឲ្យទស្សនានៅតំបន់នោះបន្ថែមទៀត។
មគ្គុទ្ទេសក៍ បានបញ្ជាក់ថា ភ្ញៀវទេសចរទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកផុសនេះ មានចំនួនប្រមាណ ៦ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយភាគច្រើនបំផុតជាជនជាតិចិន។ បើទោះបីតំបន់រមណីយដ្ឋានទឹកផុស គ្រប់គ្រងដោយ រដ្ឋាភិបាលយ៉ាងណាក្តី ប៉ុន្តែប្រជាពលរដ្ឋចិន ដែលចូលទស្សនានៅទីនោះ ត្រូវទិញសំបុត្រសម្រាប់ចូលទស្សនាផងដែរ ដោយសំបុត្រមួយសន្លឹកជិត ៧ដុល្លារ។
ជាការកត់សម្គាល់តំបន់រមណីយដ្ឋានមានបរិស្ថានស្រស់ស្អាត ពោលគឺប្រជាពលរដ្ឋដែលទៅលេងកម្សាន្តមានស្មារតីចូលរួមថែរក្សាតំបន់ទេសចរណ៍របស់ពួកគេ ដោយមិនចោលសំរាម ឬរបស់អ្វីផ្សេងៗនៅទីនោះឡើយ៕