(ភ្នំពេញ)៖ សំណុំរឿងអតីតអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា (Delta) និង បក្ខពួកពីរនាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានបើកសវនាការជំនុំជម្រះ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ដែលមានទឹកប្រាក់រហូតដល់ជាង២លានដុល្លារអាមេរិក ។
ជនជាប់ចោទទាំង៣នាក់មានឈ្មោះ ថា ថុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាអតីតអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Delta ឈ្មោះ វុធ ប៊ុណ្ណារ៉ែម ភេទប្រុស អាយុ៣២ឆ្នាំ ជាបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Delta និងឈ្មោះ សុខ ច័ន្ទលំអង ភេទស្រី អាយុ៣៦ឆ្នាំ ជាបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Delta ត្រូវជាប្រពន្ធរបស់ឈ្មោះ ថា ថុន ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្រៅឃុំ។
ពួកគេទាំង៣នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត» តាមមាត្រា៣៩១ និងមាត្រា៣៩៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦ ។
នាពេលសវនាការ ជនជាប់ចោទទាំង៣នាក់ សុទ្ធតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយសូមឲ្យតុលាការរកយុត្តិធម៌។
ដើមបណ្ដឹងរដ្ឋប្បវេណី ស្នើដល់តុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់នូវទឹកប្រាក់ចំនួន២.២០៤.០៦៨ដុល្លារអាមេរិក និង ទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារអាមេរិក ។
ដោយឡែក លោក សេង ហៀង ជាតំណាងអយ្យការ សន្និដ្ឋានថា តាមអង្គហេតុ ពិតជាមានអំពើរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ដែលប្រព្រឹត្តដោយជនជាប់ចោទទាំង៣នាក់ប្រាកដមែន សូមឲ្យតុលាការសម្រេចតាមច្បាប់។ ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោកចៅក្រម លី សុខលេង នឹងប្រកាសសាលក្រមសំណុំរឿងនេះ នៅរសៀលថ្ងៃទី០៩ ខែសីហា ខាងមុខ៕