(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសដំឡើងតួនាទីមន្ត្រីរាជការចំនួន ៥រូប នៅចំពោះមុខថ្នាកដឹកនាំ មន្ត្រីរាជការក្រសួង និងប្រធានមន្ទីរទាំង២៥រាជធានី​-ខេត្ត​ប្រមាណ ៣០០នាក់ ព្រមទាំងបានណែនាំឲ្យមន្រ្តីរាជការចំណុះក្រសួងសង្គមកិច្ចទាំងអស់ ខិតខំបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា។

មន្រ្តីរបស់ក្រសួងសង្គមកិច្ចដែលត្រូវបានតែងតាំង និងដំឡើងតួនាទីនោះ រួមមាន លោក សួង ម៉េងឡុង ជាអនុរដ្ឋលេខាធិការ លោក ហាច ហ៊ាន ជាអគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រី អ៊ឹង វណ្ណរិទ្ធី នាយករងវិទ្យាស្ថានជាតិសង្គមកិច្ច លោកស្រី ព្រំ សុខន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងលោក ឌីន បូរី ប្រធាននាយកដ្ឋានយុវនីតិសម្បទា។

លោករដ្ឋមន្រ្តី វង សូត បានលើកឡើងថា ការតែងតាំង និងដំឡើងតួនាទីដល់មន្រ្តីទាំង៥រូបនេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបម្រើ និងបំពេញការងារក្នុងវិស័យសង្គមកិច្ចបន្តទៀត។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តីក៏បានណែនាំឲ្យមន្រ្តីរាជការ​ចំណុះក្រសួងសង្គម​កិច្ចទាំងអស់ ត្រូវខិតខំបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាផងដែរ៕