(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា វិស័យសុខាភិបាលជាវិស័យស្នូលមួយ ក្នុងចំណោមវិស័យអាទិភាព ផ្សេងទៀតដែលរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសុខភាពពលរដ្ឋទាំងនៅតាមតំបន់ដាច់ស្រយាល និងតំបន់ប្រជុំជន។
លោក ហ៊ុន ម៉ានី លើកឡើងបែបនេះក្នុងឱកាសលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យជាច្រើន រូបទៀត នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ហ៊ុន ម៉ានី បានថ្លែងថា លោក និងក្រុមការងារបានទទួលសំណើររបស់មន្ទីរពេទ្យខេត្តរួចហើយ តែលោកមិនទាន់សន្យាថា ធ្វើបានប៉ុន្មាននោះទេ ប៉ុន្តែតែអ្វីដែលសំខាន់នោះ គឺយើងត្រូវតែខិតខំស្វែងរកប្រភពថវិកា ដើម្បីសាងសងអាគារ និងបំពាក់សម្ភារបរិក្ខាធ្វើយ៉ាងណាឲ្យឆ្លើយតប ទៅនឹងតម្រូវការរបស់ពលរដ្ឋដែលមានជំងឺ មកទទួលសេវានៅទីនេះ ឲ្យបានល្អប្រសើ និងរហ័សទាន់ពេលវេលាសម្រាប់ពួកគាត់។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
លោកវេជ្ជបណ្ឌិត ទឹម ថានី ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានធ្វើរបាយការណ៍សង្ខេបស្តីពីការងារទទួលពិនិត្យពិគ្រោះ និងព្យាបាលព្រមទាំងមាន ផែនការកែលម្អចំណុចខ្វះខាតមួយរួចមក លោកក៏បានរៀបរាប់ត្អូញត្អែនូវការខ្វះខាតព្រមទាំងមានសំណើរសុំអគារ សម្ភារបំពាក់ក្នុងអាគារ និងសម្ភារបរិក្ខាពេទ្យបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងពេលបច្ចុប្បន្នដល់អ្នកជំងឺដែលមកទទួលសេវាព្យាបាល នៅមន្ទីរបង្អែករបស់យើង។
ក្នុងឱកាសនោះលោក ហ៊ុន ម៉ានី បាននាំយកវត្ថុកំដដៃមានថ្នាំម៉ារ៉ាសេតាម៉ុល ថ្នាំម៉ុលទី ជាច្រើនកេស កុំព្យូទ័រ១គ្រឿង និងគ្រូពេទ្យទាំង១៣៣នាក់ ក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល លោក និងក្រុមការងារបានបន្តចុះសំណេះសំណាលជាមួយពលរដ្ឋ និងអ្នកជំងឺក្នុងមន្ទីរពេទ្យ ផ្នែកពិនិត្យផ្ទៃពោះ និងបានផ្តល់អំណោយដល់មាតា និងទារកដែលកំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យនោះផងដែរ៕